តុលាការកំពូលនៅក្នុងរដ្ឋប្រទាញប្រទង់ ចចា (Georgia) របស់សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃចន្ទ (០៤ វិច្ឆិកា) ថា តំបន់ ខូប ខោនធី (Cobb County) មិនអាចពន្យាពេលកំណត់សម្រាប់ការរាប់សន្លឹកឆ្នោតអវត្តមាន ប្រហែល ៣.០០០សន្លឹក ដែលត្រូវបានផ្ញើចេញភ្លាមៗមុនថ្ងៃបោះឆ្នោតបានទេ ដោយប្រគល់ជ័យជម្នះដល់គណៈកម្មាធិការជាតិបក្សសាធារណរដ្ឋ និងបេក្ខជនប្រធានាធិបតី លោក Donald Trump។

តុលាការកំពូល ចចា បានបដិសេធសេចក្ដីសម្រេចរបស់ចៅក្រម ដែលអនុញ្ញាតពន្យារពេលដល់ថ្ងៃសុក្រ (០៨ វិច្ឆិកា) នៅក្នុងតំបន់ Cobb ដែលមានទីតាំងនៅជាយក្រុងអាត្លង់តា (Atlanta)។ តុលាការសម្រេចថា មានតែសន្លឹកឆ្នោតអវត្តមាន ដែលមកដល់ត្រឹមម៉ោង ៧យប់ នៅថ្ងៃអង្គារ ០៥ វិច្ឆិកា (ម៉ោងនៅអាមេរិក) តែប៉ុណ្ណោះទើបអាចរាប់បាន។

ក្រុមសិទ្ធិមនុស្សបានប្តឹងកាលពីសប្តាហ៍មុន ទាមទារឱ្យពន្យាពេលកំណត់ ដោយលើកហេតុផលថា អាជ្ញាធរតំបន់បានបំពានច្បាប់រដ្ឋ ដោយការខកខានមិនបានបញ្ជូនសន្លឹកឆ្នោតដែលអវត្តមានប្រហែល ៣.០០០សន្លឹកទៅរាប់ភ្លាមៗ ប៉ុន្តែមន្ត្រីតំបន់និយាយថា ដោយសារតែសន្លឹកឆ្នោតច្រើនខ្លាំងពេកក្នុងពេលភ្លាមៗ។

គណៈកម្មាធិការជាតិបក្សសាធារណរដ្ឋបានប្រកែកថា ការពន្យាពេលកំណត់នឹងបំពានច្បាប់រដ្ឋ។ ខូប ខោនធី គឺជាតំបន់ដ៏ធំមួយ និងចម្រុះជាតិសាសន៍នៅជាយក្រុងភាគខាងជើងរបស់អាត្លង់តា។ តំបន់នេះបានបោះឆ្នោតគាំទ្របេក្ខជនបក្សប្រជាធិបតេយ្យ លោក Joe Biden ទល់នឹងលោក Trump ក្នុងតួលេខ ១៤% នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ហើយលោក Biden បានយកឈ្នះលោក Trump នៅរដ្ឋ ចចា ក្នុងឆ្នាំ២០២០ ដដែលនោះ៕