យោធាប្រទេសកូរ៉េប្រទេសខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតច្រើនគ្រាប់ ចូលទៅកាន់សមុទ្រភាគខាងកើតរបស់ប្រទេស ខណៈបន្តបង្អួតសព្វាវុធរបស់ខ្លួន មុនពេលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង ពុំបានបញ្ជាក់ភ្លាមៗពីចំនួនមីស៊ីល ឬចម្ងាយប៉ុន្មានដែលមីស៊ីលបានហោះនោះទេ។ ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន និយាយថា មីស៊ីលទាំងនោះត្រូវបានគេជឿថា បានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ ហើយពុំមានរបាយការណ៍ភ្លាមៗអំពីការខូចខាតឡើយ។

ការបាញ់មីស៊ីលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបថ្មីបំផុតរបស់ប្រទេស ដែលត្រូវបានរៀបចំដើម្បីបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក។ ក្នុងការឆ្លើយតបទៅនឹងការបាញ់នោះ សហរដ្ឋអាមេរិក បានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B រយៈចម្ងាយឆ្ងាយ នៅក្នុងសមយុទ្ធត្រីភាគីជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ក្នុងការបង្ហាញពីកម្លាំង។
មន្ត្រីកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង ទំនងជានឹងបង្កើនការបង្អួតយោធារបស់ខ្លួនជុំវិញការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់ពីទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារចារកម្មយោធារបស់កូរ៉េខាងត្បូង និយាយកាលពីសប្តាហ៍មុនថា កូរ៉េខាងជើងក៏ទំនងជាបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧របស់ខ្លួនផងដែរ។