នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដង្ហែប្រទក្សិណជុំវិញព្រះវិហារ ដើម្បីនាំយកត្រៃធំតូច និងទេយ្យវត្ថុ វេរប្រគេនព្រះសង្ឃ ក្នុងវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី នៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមបរិយាកាសបងប្អូនខ្មែរក្រោមចូលរួមយ៉ាងច្រើនកុះករ។

សូមជម្រាបថា អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ នាមជា«អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។

នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕




















