ទីក្រុងមូស្គូបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហួយ(Choe Son Hui) នៅវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ ក្នុងពេលមានការអះអាងពីប្រទេសលោកខាងលិចថា រុស្ស៊ីមានផែនការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់របស់ទីក្រុងព្យុងយ៉ាង ទៅក្នុងជម្លោះនៅអ៊ុយក្រែន។

លោកស្រី Choe ស្នាក់នៅក្នុងប្រទេសរុស្ស៊ីរយៈពេលមួយសប្តាហ៍ និងបានសន្យាថា កូរ៉េខាងជើងនឹងឈរក្បែររុស្ស៊ីរហូតដល់ទទួលបាន «ជ័យជម្នះ» របស់ខ្លួននៅអ៊ុយក្រែន។ វិមានក្រឹមឡាំង និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី លោក ពូទីន បានទទួលរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោកស្រី Choe Son Hui ដោយបានចេញផ្សាយវីដេអូនៃភាគីទាំងពីរ ចាប់ដៃគ្នា មុនពេលកិច្ចពិភាក្សា។

លោកពូទីន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយទីក្រុងព្យុងយ៉ាង កាលពីរដូវក្តៅ ពុំបានបដិសេធការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងនោះទេនៅពេលត្រូវបានសួរអំពីរឿងនេះជាសាធារណៈ កាលពីខែមុន។
លោកស្រី Choe កាលពីសប្តាហ៍មុន បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov និងបាននិយាយថា ទីក្រុងព្យុងយ៉ាងនៅខាងភាគីរុស្ស៊ី ជាអ្វីដែលលោកស្រីហៅថា «ការតស៊ូដ៏ស្វិតស្វាញ» នៅអ៊ុយក្រែន។
ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើឡើងខណៈរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានទៅធ្វើទស្សនកិច្ចនៅក្រុងគីវ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរិះគន់សម្រាប់ការមិនអើពើរបស់លោកខាងលិច ចំពោះការចោទប្រកាន់ដែលថា រុស្ស៊ីដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើង។