ការសិក្សាមួយពីសហព័ន្ធលក់រាយជាតិ (NRF) បានបង្ហាញកាលពីថ្ងៃចន្ទ (០៤ វិច្ឆិកា) ថា អ្នកទិញទំនិញរបស់សហរដ្ឋអាមេរិក អាចត្រូវចាយរហូតដល់ ៧៨ពាន់លានដុល្លារ ក្នុងការចំណាយប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ប្រសិនបើសំណើពន្ធថ្មីលើការនាំចូលរបស់បេក្ខជនប្រធានាធិបតី លោក Donald Trump ត្រូវបានអនុវត្ត។

ការសិក្សានេះនិយាយថា ពន្ធដែលបានស្នើឡើងនោះ នឹងប៉ះពាល់ដល់ប្រភេទផលិតផលប្រើប្រាស់ដូចជាសម្លៀកបំពាក់ ប្រដាប់ប្រដាក្មេងលេង គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាពិសេសប៉ះពាល់ដល់ទំនិញដែលប្រទេសចិន ជាអ្នកផ្គត់ផ្គង់ធំបំផុត។

អ្នកប្រើប្រាស់អាមេរិកបានប្រែទៅជាសន្សំសំចៃខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបាននិងកំពុងសម្លឹងមើលកាន់តែខ្លាំងឡើងដើម្បីកាត់បន្ថយការចំណាយបន្ថែមទៀតដោយទប់ស្កាត់ការចាយវាយមិនសំខាន់ ដែលនេះជាហេតុនាំឱ្យប៉ះពាល់ដល់ការលក់នៅក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុនទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក។

របាយការណ៍សង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពន្ធនាំចូលត្រូវបានអនុវត្ត វានឹងធ្វើឱ្យកាន់តែប៉ះពាល់ដល់ក្រុមគ្រួសារដែលមានចំណូលទាប ដោយសារតែពន្ធគយដែលជាពន្ធបង់ដោយអ្នកនាំចូលរបស់សហរដ្ឋអាមេរិកនេះ នៅទីបំផុតនឹងត្រូវចេញពីហោប៉ៅរបស់អ្នកប្រើប្រាស់តាមរយៈតម្លៃទំនិញកាន់តែខ្ពស់៕