វាយកូនបាល់៖ ក្រុមកីឡាវាយកូនបាល់កម្ពុជាដឹងថា ក្រុមណាជាគូប្រកួតរបស់ខ្លួនហើយក្នុងការប្រកួតដាវីសខាប់ក្រុមទី៤ តំបន់អាស៊ី/អូសេអានី ពេលដែលការចាប់ឆ្នោតធ្វើឡើងនៅប្រទេសបារ៉ែនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឱ្យដឹងថា ការប្រកួតនេះកម្ពុជាស្ថិតនៅក្នុងពូល C ជាមួយអ៊ីរ៉ង់ យ៉េមែន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោកបន្តថា មកដល់ពេលនេះកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដែលចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលានេះហើយ។ កីឡាករវាយកូនបាល់កម្ពុជា ៤រួបដែលត្រូវចូលរួមប្រកួតនេះរួមមាន ប៊ុន កេន្នី, ឡុង សំនៀង, ឃ្លាំង ពន្លក និងកីឡាករ ទេព ធីម៉ូស៊ី។ កម្ពុជាដែលឈរនៅចំណាត់ថ្នាក់លេខ១២០ ក្នុងតារាង Davis Cup ចាប់ផ្តើមលេងព្រឹត្តិការណ៍លើកដំបូងនៅឆ្នាំ២០១២ នៅក្រុមទី៤ តំបន់អាស៊ី/អូសេអានី ពេលនោះក៏បានឡើងមកលេងក្រុមទី៣៕
អត្ថបទ៖ គង់ ហួន