ប្រមុខអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ លោក វែលលីងតុន ខូ (Wellington Koo) បាននិយាយនៅថ្ងៃអង្គារ (០៥ វិច្ឆិកា) នេះថា កោះតៃវ៉ាន់ ត្រូវតែបង្ហាញពីការប្តេជ្ញាការពារខ្លួនឯង មិនថាអ្នកណាឈ្នះតំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា នេះទេ ខណៈការបោះឆ្នោតដ៏តានតឹងនោះ កំពុងត្រៀមប្រព្រឹត្តទៅ។

លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់តំណែងប្រធានាធិបតីអាមេរិក និងកំពុងតែស្ថិតក្នុងការប្រជែងយ៉ាងប្រកៀកប្រកិតជាមួយអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានលើកឡើងក្នុងដំណើរនៃយុទ្ធនាការរបស់លោកថា កោះតៃវ៉ាន់គួរតែចំណាយដើម្បីការពារ ហើយក៏បានចោទកោះនេះថាបានលួចអាជីវកម្មគ្រឿងអេឡិចត្រូនិករបស់អាមេរិក។

លោក Koo បានប្រាប់អ្នកសារព័ត៌មាននៅក្រៅសភាថា "មិនថាអ្នកណាជាប្រធានាធិបតីសហរដ្ឋអាមេរិកទេ យើងត្រូវប្រាប់ពួកគេថា កោះតៃវ៉ាន់ ប្តេជ្ញាចិត្តការពារខ្លួន និងសារៈសំខាន់នៃសន្តិសុខសេដ្ឋកិច្ច រួមទាំងទីតាំងភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់តៃវ៉ាន់”។

កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានប្រឈមមុខនឹងយុទ្ធនាការដាក់សម្ពាធផ្នែកយោធាពីទីក្រុងប៉េកាំង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រួមទាំងហ្គេមសង្រ្គាមធំៗចំនួន៤ ក្នុងពេលពីរឆ្នាំចុងក្រោយនេះ។
ខណៈដែលអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ទោះមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ក៏កោះតៃវ៉ាន់បានដាក់ការបង្កើតប្រព័ន្ធអាវុធផ្ទាល់ខ្លួនជាអាទិភាព ដូចជាការផលិតមីស៊ីល និងនាវាមុជទឹកជាដើម៕