ក្រុមអ្នកជួយសង្គ្រោះ បានចូលទៅក្នុងយានដ្ឋានជាច្រើនកន្លែងដែលជន់លិចដោយទឹកជំនន់ កាលពីថ្ងៃចន្ទ ដើម្បីស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្នុងប្រទេសអេស្បាញ ខណៈភ្លៀងធ្លាក់ថ្មីៗ បានបង្កឱ្យមានភាពវឹកវរផ្នែកដឹកជញ្ជូន នៅក្នុងតំបន់កាតាលែនភាគឦសាន។

ចំនួនអ្នកស្លាប់បានកើនឡើងដល់២១៧នាក់ ដែលស្ទើរតែទាំងអស់ស្ថិតនៅក្នុងតំបន់ Valencia ភាគខាងកើត ដោយប្រទេសនេះព្រួយបារម្ភថា នឹងរកឃើញសាកសពបន្ថែមទៀត ខណៈមនុស្សមួយចំនួនទៀតនៅតែបាត់ខ្លួនឡើយ។

អង្គភាពសេវាអាកាសធាតុជាតិ បានប្រកាសពីការបញ្ចប់គ្រាអាសន្នសម្រាប់តំបន់ Valencia ប៉ុន្តែភ្លៀងធ្លាក់ខ្លាំង បានវាយបក់ចូលតំបន់កាតាលែន ជាកន្លែងដែលអ្នកស្រុក បានទទួលការព្រមាន ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
អាកាសយានដ្ឋាន El Prat របស់ទីក្រុង Barcelona ជាអាកាសយានដ្ឋានមមាញឹកបំផុតទីពីររបស់អេស្ប៉ាញ បាននិយាយថា ជើងហោះហើរចំនួន៥០ត្រូវបានលុបចោល ឬពន្យារពេល ហើយ១៧ជើង ត្រូវបង្វែរទិសដៅកាលពីថ្ងៃចន្ទ ខណៈទីក្រុងនេះបានបិទស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួន ដែលបានលិចទឹក និងផ្អាករថភ្លើង ក្នុងតំបន់។