បាល់ទះ៖ ការប្រកួតបាល់ទះ ៤ស្មើដណ្ដើមពានរង្វាន់ Special Volleyball Challenge 2021 ដែលទទួលបានការគាំទ្ររៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ចប់ដោយជ័យ បន្ទាប់ពីដំណើរការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាង ៣សប្ដាហ៍កន្លងទៅនៅក្លិបបាល់ទះវិសាខា។
ចំពោះលទ្ធផលការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៧ ខែតុលាម្សិលមិញ ក្រុមវិសាខាបានក្លាយជាជើងឯកបន្ទាប់ពីយកឈ្នះ ២-០ លើក្រុម PS Concrete ក្នុងពិន្ទុ ២៥-១៧ និង ២៥-១២ ខណៈក្រុមក្រសួងមហាផ្ទៃបានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមបាល់ទះអធិរាជប្រអប់ ២-០សិតដូចគ្នាក្នុងពិន្ទុ ២៥-២០ និង ២៥-២២។ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានគណៈកម្មការរៀបចំការប្រកួត បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំពានរង្វាន់ Special Volleyball Challenge 2021 លើកដំបូងដែលដំណើរការយ៉ាងរលូន ទោះបីការរៀបចំក្នុងបរិបទកូវីដ-១៩ តែដោយមានការចិត្តទុកដាក់ពីគណៈកម្មការ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមទើបជំរុញឲ្យដំណើរការការប្រកួតមានភាពរលូន និងទទួលបានជោគជ័យ។
អ្វីដែលពិសេសលោកបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងការរៀបចំតាមស្ដង់ដារបាល់ទះអន្ដរជាតិ ដែលជំរុញឲ្យក្រុម និងកីឡាករចូលរួមទាំងអស់លេងតាមប្រព័ន្ធត្រឹមត្រូវ តាមក្បួនច្បាប់បាល់ទះ ដូចជាការលើកបាល់មិនជាប់ ពោលគឺលេងដាច់ៗជាដើម។ ការណ៍នេះលោករំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាផ្នែកមួយជំរុញវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។ ចំពោះរង្វាន់ជ័យលាភីវិញ ក្រុមជើងឯកវិសាខាទទួលបានពាន អមប្រាក់រង្វាន់ ១០លានរៀល, លេខ២ ក្រុម PS Concrete ទទួលបាន ៨លានរៀល និងលេខ៣ ក្រុមក្រសួងមហាផ្ទៃទទួលបាន ៦លានរៀល។ រីឯក្រុម Fair-Play បានទៅក្រុមអធិរាជប្រអប់ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ លី ឈុនឡា