ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និយាយនៅថ្ងៃអង្គារនេះថា ទាហានកូរ៉េខាងជើងជាង ១០.០០០នាក់បានទៅដល់ប្រទេសរុស្ស៊ី ដើម្បីជួយក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ដោយមានចំនួនដ៏ច្រើន នៅក្នុងតំបន់សមរភូមិមុខ រួមទាំងនៅតំបន់ Kursk។

ការកត់សម្គាល់បែបនេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីមន្ទីរបញ្ចកោណ បាននិយាយថា មានទាហានកូរ៉េខាងជើងយ៉ាងហោចណាស់ ១០.០០០នាក់នៅក្នុងតំបន់ Kursk ជិតព្រំដែនអ៊ុយក្រែន ប៉ុន្តែពុំបានបញ្ជាក់ពីរបាយការណ៍ដែលថា ទាហានទាំងនេះចូលរួមក្នុងការប្រយុទ្ធ ឬយ៉ាងណានោះទេ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១២.០០០នាក់ រួមទាំងមន្ត្រី៥០០នាក់ និងឧត្តមសេនីយ៍៣រូប បានស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចហើយ ដោយការហ្វឹកហ្វឺន ត្រូវបានធ្វើឡើងនៅមូលដ្ឋានយោធាចំនួន៥កន្លែង។
លោក Jeon Ha-kyou អ្នកនាំពាក្យក្រសួងការពារជាតិទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ដោយដកស្រង់សម្តីអាជ្ញាធរចារកម្មថា «យើងបានដឹងថា កងទ័ពកូរ៉េខាងជើងជាង ១០.០០០នាក់ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយចំនួនដ៏ទាហានដ៏ច្រើននេះ បានធ្វើដំណើរទៅកាន់តំបន់សមរភូមិមុខ រួមទាំងនៅតំបន់ Kursk។
ប៉ុន្តែលោក Jeon បាននិយាយថា លោកពុំមានព័ត៌មាននោះទេ នៅពេលដែលត្រូវបានសួរថាតើទាហានកូរ៉េខាងជើងចូលរួមក្នុងការប្រយុទ្ធដែរឬយ៉ាងណា និងអំពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដែលបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលមិនបញ្ចេញឈ្មោះថា ទាហានកូរ៉េខាងជើង៤០នាក់ ត្រូវបានសម្លាប់នៅលើសមរភូមិ។