សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានចោទដាក់គ្នាទៅវិញទៅមក ជុំវិញការបាញ់មីស៊ីលថ្មីៗនេះ ជាអ្វីដែលប្រទេសកូរ៉េខាងជើង អះអាងថាជាមីស៊ីលបាលីស្ទីកអន្តរទ្វីប។

ក្រុមប្រឹក្សាសន្តិសុខ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ បន្ទាប់ពីការប្រកាសរបស់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់សាកល្បងមីស៊ីល ICBM ចុងក្រោយបំផុតរបស់ខ្លួនគឺ Hwasong-19 ចូលទៅកាន់ដែនទឹកនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ លោក Yamazaki Kazuyuki បាននិយាយថា ការបាញ់មីស៊ីលនេះ បានធ្វើឱ្យស្ថានភាពកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថានភាពសន្តិសុខពិភពលោកទាំងមូល។ លោក បានទទូចឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់ បង្ហាញការឆ្លើយតបរួមគ្នា និងយ៉ាងខ្លាំងក្លាបំផុត។
ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក លោក Robert Wood បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខមានទំនួលខុសត្រូវក្នុងការឲ្យកូរ៉េខាងជើងទទួលខុសត្រូវ។ លោកបានរិះគន់ប្រទេសចិន និងរុស្ស៊ី ចំពោះការការពារប្រទេសកូរ៉េខាងជើង ម្តងហើយម្តងទៀត។
ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើង លោក Kim Song បានអះអាងថា ប្រទេសលោកកំពុងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន សម្រាប់សិទ្ធិស្វ័យការពារចំពោះសុវត្ថិភាព ដោយការបាញ់សាកល្បងមីស៊ីល ICBM។ លោកបាននិយាយបន្ថែមថា កូរ៉េខាងជើងនឹងពន្លឿន និងមិនបោះបង់ចោលការកសាងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដែលអាចទប់ទល់ការគំរាមកំហែងណាមួយ បង្ហាញដោយរដ្ឋអាវុធនុយក្លេអ៊ែរ អរិភាព។
លោក Wood បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មិនអាចត្រូវបានគេរំពឹងថា នឹងឈរនៅខាងក្រោយហើយអនុញ្ញាតឱ្យមានការគំរាមកំហែងកាន់តែខ្លាំងឡើងនោះទេចំពោះសន្តិសុខរបស់ខ្លួន ដោយគ្មានការឆ្លើយតប នោះ។