កូនដំរីទឹកដ៏ល្បីរបស់ប្រទេសថៃ ឈ្មោះថា ម៉ូឌែង (Moo Deng) កាលពីថ្ងៃចន្ទ (០៤ វិច្ឆិកា) បានទស្សន៍ទាយពីជ័យជម្នះសម្រាប់បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រព្រឹត្តិទៅនៅថ្ងៃអង្គារ (០៥ ខែវិច្ឆិកា) នេះ។

អ្នកថែទាំក្នុងសួនសត្វ បានដាក់កន្ត្រកផ្លែឈើចំនួនពីរ ដែលនីមួយៗមានស្លាកឈ្មោះបេក្ខជនប្រធានាធិបតី លោក Trump និងគូប្រជែងបក្សប្រជាធិបតេយ្យរបស់ខ្លួន គឺលោកស្រី Kamala Harris ឱ្យសត្វដំរីទឹកនេះ ដែលពោរពេញទៅដោយផ្លែឈើដូចជា ផ្លែស្រកានាគ និងឪឡឹកជាដើម។

សួនសត្វ ខាវ ខែវ (Khao Kheow) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា "កូនដំរីទឹក ម៉ូឌែង បានជ្រើសយកលោក Trump ដោយសារតែដុំផ្លៃស្រកានាគក្នុងកន្រ្តកនោះធំជាងកន្រ្តកតំណាងឱ្យលោកស្រី Harris"។

ម៉ូឌែង ដែលជាកូនដំរីទឹកញីអម្បូរស្បែកខ្មៅកើតក្នុងខែកក្កដា នៅសួនសត្វ Khao Kheow របស់ប្រទេសថៃ បានទទួលបានភាពល្បីល្បាញនៅលើបណ្តាញសង្គម ដែលមានអ្នកគាំទ្ររាប់លាននាក់នៅទូទាំងពិភពលោកចាប់អារម្មណ៍ជាមួយនឹងភាពគួរឱ្យស្រលាញ់របស់វា៕