អ្នកកាន់សាសនាហិណ្ឌូនៅក្នុងរដ្ឋ តាមីល ណាឌូ (Tamil Nadu) ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ (០៤ វិច្ឆិកា) បានធ្វើពិធីបួងសួងជាពិសេសមួយសម្រាប់ជ័យជម្នះក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក របស់បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ។

អង្គការសាសនាហិណ្ឌូនៅទីក្រុង ម៉ាឌូរ៉ៃ ( Madurai) និងបូជាចារ្យនៅក្នុងភូមិកំណើតរបស់ដូនតាលោកស្រី Harris ឈ្មោះថា ធូឡាសែនត្រាពូរ៉ាម (Thulasenthrapuram) បានធ្វើពិធីសាសនា និងថ្វាយការបួងសួងសុំឱ្យលោកស្រីឈ្នះឆ្នោត ដោយមានរូបភាពរបស់អនុប្រធានាធិបតីរូបនេះដាក់ក្នុងពិធី។

ភូមិនេះទទួលបានការចាប់អារម្មណ៍ជាសកលកាលពី ៤ឆ្នាំមុន នៅពេលដែលអ្នកស្រុកបានបន់ស្រន់សម្រាប់ជ័យជម្នះរបស់លោកស្រី Harris ក្នុងឆ្នាំ២០២០ ហើយបានអបអរលោកស្រីឡើងកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក ដោយការដុតផាវ និងចែកអាហារ។

លោកស្រី Harris និងគូប្រជែងខាងគណបក្សសាធារណរដ្ឋ គឺលោក Donald Trump កំពុងប្រឹងប្រែងទាក់ទាញអ្នកគាំទ្រឱ្យទៅបោះឆ្នោតនៅក្នុងការប្រកួតប្រជែងដ៏ជិតស្និទ្ធជាប្រវត្តិសាស្ត្រ ដែលមានន័យថា គេប្រហែលជាត្រូវចំណាយពេលច្រើនថ្ងៃដើម្បីរកឃើញអ្នកឈ្នះ៕