ភ្នំពេញ ៖ ក្នុងបរិបទជំងឺកូវីដ១៩នេះ ក្រសួងអប់រំ តាមការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីដោយផ្ទាល់ បានលើកឡើងថា ក្រសួងអប់រំ មានគោលដៅចង់ឱ្យសាលារៀននៅតាមទីប្រជុំជន បង្កើតបន្ទប់ឌីជីថល ដើម្បីជួយសម្រួល ដល់ការសិក្សា ស្របពេលដែលកម្ពុជា នឹងនៅតែបន្តការសិក្សាបែបចម្រុះ ទាំងការសិក្សាក្នុងថ្នាក់រៀន និងការសិក្សាតាមប្រព័ន្ធអន ឡាញ រឺការសិក្សាពីចម្ងាយ។
នេះជាការលើកឡើងនៅថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២០ ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជននិងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាចុះពិនិត្យការសិក្សានៅវិទ្យាល័យបាក់ទូក។
ក្នុងឱកាសចុះត្រួតពិនិត្យដំណើរការសិក្សាឡើងវិញដំណាក់កាលទី២ ក្នុងបរិបទកូវីដ១៩ នៅវិទ្យាល័យបាក់ទូក នាព្រឹកនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា ជាការត្រៀមក្នុងរយៈពេលមធ្យមចាប់ពីពេលបច្ចុប្បន្នទៅឆ្នាំ ២០២៣ ក្រសួងអប់រំមានគោលដៅឱ្យសាលានៅទីប្រជុំជនបង្កើតបន្ទប់ឌីជីថល បំពាក់ដោយកុំព្យូទ័រ និងឯកសារផ្សេងៗ ដើម្បីជួយគាំទ្រដល់ការសិក្សាតាមបែបចម្រុះ និងផ្ដល់ភាពងាយស្រួលកាន់ច្រើនដល់សិស្ស។
ឯកឧត្តម លើកឡើងថា បន្ទប់នេះគឺមានសារៈសំខាន់ច្រើន ជាពិសេសសម្រាប់សិស្សដែលពុំមានលទ្ធភាពរៀនតាមទូរស័ព្ទដៃ ដោយពួកគេអាចចូលមករៀនក្នុងបន្ទប់នេះ ហើយបន្ទប់នេះក៏អាចជួយកាត់បន្ថយការចំណាយលើប្រព័ន្ធអ៊ីនធើណិតរបស់សិស្សផងដែរ។ គោលដៅបែបនេះ ស្របពេលដែលកម្ពុជាបានអនុញ្ញាតឱ្យមានការបើកសាលាជាថ្មីបានពីរដំណាក់កាលរួចមកហើយ ហើយក្រសួងក៏នៅតែបន្តការសិក្សាតាមបែបចម្រុះទាំងការសិក្សាក្នុងថ្នាក់រៀន និងការសិក្សាតាមប្រព័ន្ធអនឡាញ រឺការសិក្សាពីចម្ងាយ។
នាឱកាសដដែលនេះ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា លើកឡើងជាការកោតសរសើរចំពោះការផ្លាស់ប្ដូរភ្លាមៗ ដែលក្រសួងអប់រំអាចបន្តការបង្រៀនតាមប្រព័ន្ធអនឡាញ និងការសិក្សាពីចម្ងាយ ដល់សិស្សក្នុងបរិបទជំងឺកូវីដ ១៩ ស្របពេលដែលកម្ពុជាពុំមានបទពិសោធន៍ រឺ មូលដ្ឋានបែបនេះពីមុនមក។ ឯកឧត្តម ក៏លើកឡើងជាការគាំទ្រដែរថា វាជារឿងចាំបាច់សម្រាប់កម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត បើទោះជាលែងមានហានិភ័យពីជំងឺកូវីដ១៩ យ៉ាងណាក្ដី ក៏កម្ពុជាត្រូវវិនិយោគលើវិស័យអប់រំ តាមបែបឌីជីថលផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានអនុញ្ញាតឱ្យសាលារៀនបើកដំណើរការបាន២ដំណាក់កាលរួចមកហើយ។ ដំណាក់កាលទី ១ គឺសម្រាប់សាលារៀនឯកជន មានស្តង់ដារសុវត្ថិភាពខ្ពស់ចំនួន ២០ រីឯដំណាក់កាលទី២ គឺការចូលរៀនជាថ្មីសម្រាប់សិស្សថ្នាក់ទី ៩ និងសិស្សថ្នាក់ទី១២ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ក្នុងខែកញ្ញានេះ។
ចំណែកឯការបើកសាលារៀនដំណាក់កាលទី ៣ពុំទាន់មានការបញ្ជាក់កាលបរិច្ឆេទនោះទេ។ ខណៈពេលនេះ ទោះបីជាសាលារៀនជាច្រើនបានបើកដំណើរការវិញយ៉ាងណាក្ដី ក៏ត្រូវអនុវត្តការសិក្សាបែបចម្រុះដែល ដោយរៀនក្នុងថ្នាក់រៀនខ្លះ និងរៀនតាមប្រព័ន្ធអនឡាញខ្លះ ។






ការសិក្សាតាមប្រព័ន្ធអនឡាញ សព្វថ្ងៃក្រសួងអប់រំបានបង្កើតវីដេអូបង្រៀនជាច្រើន ដោយមានការចាក់ផ្សាយ លើទំព័រហ្វេសប៊ុករបស់ក្រសួង ការចាក់ផ្សាយក្នុងប្រព័ន្ធ យូធូប របស់ក្រសួង និងមានការចាក់ផ្សាយនៅទូរទស្សន៍ ទទក ២ ផងដែរ៕