អាមេរិក៖ ទីភ្នាក់ងារចារកម្មការពារជាតិអាមេរិកនិយាយ នៅក្នុងរបាយការណ៍វិភាគសមត្ថភាពយោធារបស់ប្រទេសកូរ៉េខាងជើងថា ប្រទេសនេះអាចបន្តការសាកល្បងមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយនៅឆ្នាំក្រោយ ដោយព្រមានថា ទីក្រុងព្យុងយ៉ាងនឹងបន្តបង្កជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

របាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ គឺជាការព្រមានចុងក្រោយបង្អស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការពង្រឹងអំណាចយោធារបស់ខ្លួន បើទោះបីជាមិនបានសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប ឬឧបករណ៍នុយក្លេអ៊ែរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកក៏ដោយ។ ដោយកត់សំគាល់ថា បណ្ដាមេដឹកនាំកូរ៉េខាងជើងចាត់ទុកអាវុធនុយក្លេអ៊ែរថា ជាវត្ថុសំខាន់បំផុតចំពោះការរស់រានមានជីវិតនៃរបបរបស់ខ្លួន ទីភ្នាក់ងារដែលផ្តល់របាយការណ៍នៃការស៊ើបការណ៍ដល់ក្រសួងការពារជាតិបាននិយាយថា ការរួមបញ្ចូលអាវុធនុយក្លេអ៊ែរជាមួយមីស៊ីលបាលីស្ទីក និងអាចឱ្យមីស៊ីលបំពាក់ដោយអាវុធនុយក្លេអ៊ែរដំណើរការប្រកបដោយភាពជឿជាក់ ខណៈដែលប្រព័ន្ធនេះគឺជាគោលដៅប្រតិបត្តិការចុងក្រោយរបស់កូរ៉េខាងជើង។
ទីភ្នាក់ងារនេះបាននិយាយថា វាអាចទៅរួចដែលយើងអាចឃើញការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅឆ្នាំក្រោយ ដោយបន្ថែមថា ទីក្រុងព្យុងយ៉ាងក៏អាចបាញ់សាកល្បងនុយក្លេអ៊ែរចេញពីក្រោមដីថែមទៀត ដើម្បីបញ្ជាក់ពីសមត្ថភាពអាវុធ។ គួររម្លឹកថា ពេលចុងក្រោយដែលក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ដែលអាចមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅដីគោករបស់សហរដ្ឋអាមេរិកគឺនៅខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រទេសនេះពុំបានបាញ់សាកល្បងនុយក្លេអ៊ែរទេចាប់តាំងពីខែកញ្ញាឆ្នាំដដែលនោះមក៕
អត្ថបទ៖ សុខមាន