ស្ថាប័នអនុវត្តច្បាប់សហព័ន្ធ និងភ្នាក់ងារសន្តិសុខបោះឆ្នោតរបស់អាមេរិក ចោទរុស្ស៊ី និងអ៊ីរ៉ុង ថាកំពុងបង្កើនកិច្ចប្រឹងប្រែងថ្មីៗដើម្បីជះឥទ្ធិពលលើការបោះឆ្នោតដ៏តានតឹងនៅថ្ងៃអង្គារ ០៥ វិច្ឆិកា នេះ។

ឧទាហរណ៍ថ្មីៗជាច្រើននៃព័ត៌មានមិនពិតរបស់រុស្ស៊ី នៅមុនថ្ងៃបោះឆ្នោតអាមេរិក គូសបញ្ជាក់ពីការប៉ុនប៉ងរបស់តួអង្គបរទេសដើម្បីសាបព្រួសមន្ទិលសង្ស័យក្នុងដំណើរការបោះឆ្នោត និងការព្រមានថា កិច្ចខិតខំប្រឹងប្រែងនេះបង្កើនហានិភ័យនៃការញុះញង់ឱ្យមានហិង្សាលើមន្ត្រីឆ្នោត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីល្ងាចថ្ងៃចន្ទ (០៤ វិច្ឆិកា) មន្ត្រីសហព័ន្ធបានចង្អុលបង្ហាញទៅអត្ថបទថ្មីមួយបង្ហោះដោយតួអង្គរុស្ស៊ី ដែលក្លែងបន្លំថា មន្ត្រីអាមេរិកនៅទូទាំងរដ្ឋប្រទាញប្រទង់ កំពុងរៀបចំផែនការដើម្បីប្រព្រឹត្តការក្លែងបន្លំ ក៏ដូចជាវីដេអូដែលបង្ហាញការសម្ភាសដោយមិនពិតជាមួយបុគ្គលម្នាក់ដែលអះអាងថាមានការបន្លំសន្លឹកឆ្នោតនៅរដ្ឋ អារីហ្សូណា (Arizona)។

មន្ត្រីសហព័ន្ធព្រមានថា រុស្ស៊ីទំនងជានឹងបញ្ចេញ "មាតិកាដែលត្រូវបានផលិត" បែបនោះបន្ថែមទៀតនៅថ្ងៃបោះឆ្នោត ហើយបង្កជា "ការគំរាមកំហែងដ៏សកម្មបំផុត" ក្នុងចំណោមឥទ្ធិពលពីបរទេស។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អ៊ីរ៉ង់ក៏នៅតែជា “ការគំរាមកំហែងឥទ្ធិពលបរទេសដ៏សំខាន់ចំពោះការបោះឆ្នោតរបស់សហរដ្ឋអាមេរិក” ផងដែរ។ ទាំងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ សុទ្ធតែបានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ៕