ផ្ទះរាប់សិបខ្នង និងអគារផ្សេងទៀតនៅក្នុងភូមិព្រំដែនលីបង់នៃ Mays Al-Jabal ត្រូវបានបំផ្លាញ ក្នុងអំឡុងពេលការលុកលុយរបស់អ៊ីស្រាអែល ក្នុងរយៈពេល ៤៨ម៉ោង កន្លងទៅនេះ។ ជោគវាសនារបស់អ្នកភូមិវ័យចំណាស់ជាច្រើននាក់ រួមទាំងស្រ្តីម្នាក់ផងដែរ ដែលបដិសេធមិនចាកចេញពីផ្ទះរបស់ពួកគេ មុនពេលការវាយប្រហារ នៅតែមិនច្បាស់លាស់។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ណាជីប មីកាទី (Najib Mikati) កាលពីថ្ងៃចន្ទ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យដោះស្រាយ «ការបន្តការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេស លីបង់ និងឧក្រិដ្ឋកម្មនៃការសម្លាប់ និងការបំផ្លិចបំផ្លាញ»។
ការអំពាវនាវរបស់លោក បានធ្វើឡើង ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតមកពីសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងចិន និងលោកស្រី Sandra de Waal បេសកជនសហភាពអឺរ៉ុបប្រចាំប្រទេសលីបង់។
មន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ បានកើនឡើងដល់ ២.៩៦៨នាក់ គិតត្រឹមល្ងាចថ្ងៃអាទិត្យ រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់រាប់សិបនាក់ ដែលបានស្លាប់នៅក្នុងគំនរបាក់បែកផ្ទះរបស់ពួកគេ ហើយចំនួនអ្នករងរបួស បានកើនឡើងដល់ ១៣.៣១៩នាក់។ រដ្ឋមន្ត្រីសុខាភិបាល លោក Firas Abiad បាននិយាយថា មន្ទីរពេទ្យចំនួន ៨ នៅភាគខាងត្បូងនៃប្រទេសនេះ គឺទីក្រុង Bekaa និងជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត លែងដំណើរការហើយ។