មូលនិធិសង្គ្រោះកុមារអន្តរជាតិនៃអង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យ មានបទឈប់បាញ់ជាបន្ទាន់ និងយូរអង្វែង នៅក្នុងប្រទេសលីបង់ ដើម្បីផ្តល់លទ្ធភាពឲ្យកុមារអាចត្រឡប់ទៅសិក្សាវិញបាន។

តំណាងអង្គការ UNICEF នៅលីបង់ លោក Edouard Beigbede បានថ្លែងថា៖«ផលប៉ះពាល់អវិជ្ជមាននៃជម្លោះលើកុមារ គ្រូបង្រៀន និងសាលារៀន គឺមហន្តរាយរួចហើយ ហើយត្រូវតែដោះស្រាយជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យខាតឆ្នាំសិក្សាដែលនឹងធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ ការការពាររបស់ពួកគេ អនាគតរបស់ពួកគេ និងការស្តារប្រទេសឡើងវិញ»។
អង្គការ UNICEF បាននិយាយថា តាមរយៈក្រសួងអប់រំលីបង់ កិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការ ដើម្បីជួយដល់កុមារប្រមាណ ៣៨៧.000 នាក់ នៅក្នុងប្រទេសលីបង់ ឲ្យត្រឡប់ទៅសាលារៀនវិញ ដែលរួមបញ្ចូលទាំងការធានានូវការបន្តប្រតិបត្តិការនៃសាលារដ្ឋចំនួន ៣២៦ ដែលមិនត្រូវបានប្រើប្រាស់ ជាជម្រកសម្រាប់ជនភៀសខ្លួន ចំពេលមានជម្លោះកាន់តែខ្លាំងឡើង នៅក្នុងប្រទេសនេះ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា សាលារៀនទាំងនេះ នឹងទទួលបានមូលនិធិសំខាន់ៗ ដើម្បីធានាថា ពួកគេមានសម្ភារៈបង្រៀនចាំបាច់ ដូចជាសៀវភៅសិក្សា ហើយអាចផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត និងការពិនិត្យសុខភាពសំខាន់ៗ ដើម្បីជួយកុមារឲ្យរួចផុតពីផលផលប៉ះពាល់ពីជម្លោះនេះ។
ឆ្នាំសិក្សាថ្មីនៅប្រទេសលីបង់ គ្រោងនឹងចាប់ផ្តើម នៅក្នុងខែតុលា ប៉ុន្តែត្រូវបានពន្យារពេល ដោយសារ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។