អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះអ្វីដែលលោកបានហៅថា ជាវត្តមានបង្កអស្ថិរភាពរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 នៅក្នុងតំបន់។

លោក Baghaei បានថ្លែងប្រាប់សន្និសីទសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការដាក់ពង្រាយនោះថា៖«យើងតែងតែជឿថា វត្តមានរបស់អាមេរិកនៅក្នុងតំបន់ គឺជាការបង្កអស្ថិរភាព ដោយបន្ថែមថា វានឹងមិនអាចរារាំងការបេ្តជ្ញាចិត្តរបស់(អ៊ីរ៉ង់)ពីការការពារខ្លួនបានទេ។
កាលពីថ្ងៃសៅរ៍ យោធាអាមេរិក បានប្រកាសពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់មជ្ឈិមបូព៌ា ជាការព្រមានដល់អ៊ីរ៉ង់ដែលបានប្តេជ្ញាឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងយោធារបស់ខ្លួន កាលពីថ្ងៃទី ២៦ ខែតុលា។
ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃទី ០១ ខែតុលា ដែលជាការសងសឹករបស់ខ្លួន ចំពោះការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់ និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ម្នាក់។
ក្រុមមន្ត្រី បាននិយាយនៅពេលនោះថា យ៉ាងហោចណាស់ទាហាន ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលបណ្តាលឲ្យ«ការខូចខាតមានកម្រិត» ដល់ប្រព័ន្ធរ៉ាដាមួយចំនួន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថា ជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់។ លោក Baghaei បានបញ្ជាក់ថា«ការឆ្លើយតបរបស់អ៊ីរ៉ង់ គឺជាក់លាក់ និងមិនរួញរាឡើយ»។