សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើអ្នកតាំងលំនៅអ៊ីស្រាអែល នៅតំបន់វេសបែង ( West Bank) ជុំវិញអំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីន ដោយជំរុញឲ្យអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យទទួលខុសត្រូវកាន់តែច្រើនឡើង។
ទណ្ឌកម្មត្រូវបានប្រកាសនៅថ្ងៃតែមួយ ដែលអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំ លើតំបន់ វេសបែង ដែលខ្លួនបាននិយាយថា បានសម្លាប់យុទ្ធជនប៉ាឡេស្ទីន ៩នាក់ បើទោះបីជាមានការព្រមានដោយរដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន ( Joe Biden) ប្រឆាំងនឹងការពង្រីកសង្រ្គាម នៅតំបន់ហ្កាហ្សាក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អំពើហិង្សាបង្កឡើងដោយអ្នកតាំងទីលំនៅជ្រុលនិយម នៅតំបន់វេសបែង បណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំងដល់មនុស្ស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់អ៊ីស្រាអែល និងបំផ្លាញក្តីរំពឹងទុកសម្រាប់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់» ។
លោកបាននិយាយថា៖«នេះ គឺជារឿងសំខាន់ណាស់ដែលរដ្ឋាភិបាលអ៊ីស្រាអែលទទួលខុសត្រូវចំពោះបុគ្គល និងអង្គភាពណាមួយដែលទទួលខុសត្រូវទៅលើអំពើហិង្សាលើជនស៊ីវិល នៅតំបន់វេសបែង»។
គោលដៅដាក់ទណ្ឌកម្មចុងក្រោយបំផុត រួមមានក្រុម Hashomer Yosh ជាក្រុមអ៊ីស្រាអែលដែលបានគាំទ្រកន្លែងតាំងទីលំនៅ Meitarim Farm ដែលគ្មានការអនុញ្ញាត នៅភាគខាងត្បូងតំបន់ភ្នំ Hebron Hills។
ក្រសួងការបរទេស បាននិយាយថា កាលពីដើមឆ្នាំនេះ អ្នកស្ម័គ្រចិត្តមកពីក្រុមនេះ បានហ៊ុមព័ទ្ធភូមិមួយដែលមានអ្នកស្រុកប៉ាឡេស្ទីន ២៥០នាក់ ត្រូវបានបង្ខំឲ្យចាកចេញ។