ប្រជាជនអ៊ីស្រាអែលមួយចំនួន កាលពីថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) បាននិយាយថា ពួកគេចង់ឃើញលោក Donald Trump ជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក ខណៈដែលអ្នកផ្សេងទៀត បាននិយាយថា លោកស្រី Kamala Harris គឺជាបេក្ខជនដែលពួកគេពេញចិត្តជាង ប៉ុន្តែយ៉ាងណាក្ដី អ្នកទាំងអស់នោះបានយល់ស្របដូចគ្នាថា ទំនាក់ទំនង រវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្ត មិនគួរមានអ្វីត្រូវប៉ះពាល់ឡើយ ទោះបីជាអ្នកណាក្លាយជាអ្នកដឹកនាំក៏ដោយ។
អាណត្តិចុងក្រោយរបស់លោក Trump ត្រូវបានមនុស្សជាច្រើនក្នុងប្រទេសអ៊ីស្រាអែលមើលឃើញថា ជាអ្នកគាំទ្ររដ្ឋជ្វីហ្វ ដោយមានចំណាត់ការជាប្រវត្តិសាស្ត្រជាច្រើន ដូចជាការផ្លាស់ប្តូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្សេរុយសាឡឹម ការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែល នៅតំបន់ Golan Heights និងការជំរុញកិច្ចព្រមព្រៀង Abraham ជាដើម។
ប៉ុន្តែក្នុងពេលជាមួយគ្នា ក៏មានមនុស្សជាច្រើននៅអ៊ីស្រាអែលមើលឃើញថា រូបលោកគឺជាបុគ្គលដ៏គ្រោះថ្នាក់មិនអាចទាយទុកជាមុនបាន ពោលគឺអាចងាយនឹងប្រឆាំងនឹងអ៊ីស្រាអែលពេលណាក៏បាន។
ចំណែកលោកស្រី Kamala Harris ខណៈជនជាតិអ៊ីស្រាអែលភាគច្រើនមិនសូវជាដឹងច្បាស់លាស់ពីរូបលោកស្រីនោះ ត្រូវបានមនុស្សជាច្រើនយល់ឃើញថា ជាអ្នកគាំទ្រប៉ាឡេស្ទីនដែលអាចក្លាយជាឧបសគ្គរារាំងជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ក្នុងអំឡុងពេលមានសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងហេសបូឡា នៅប្រទេសលីបង់៕