បណ្ដាអ្នកវិភាគបាននិយាយថា ទំហំនៃផែនការជួយជំរុញដែលត្រូវបានគេរំពឹងទុកខ្ពស់របស់ប្រទេសចិន នឹងទំនងជាអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។
បណ្ដាវិនិយោគិន រំពឹងថា ទីក្រុងប៉េកាំងនឹងប្រកាសព័ត៌មានលម្អិត ស្តីពីការគាំទ្រសារពើពន្ធ នៅថ្ងៃសុក្រនេះ។ នោះគឺជាពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ គឺសភារបស់ប្រទេសចិន គ្រោងនឹងបញ្ចប់កិច្ចប្រជុំរយៈពេល ៥ថ្ងៃ។ ការជួបប្រជុំដូចគ្នាកាលពីឆ្នាំមុន បានគ្រប់គ្រងពិនិត្យតាមដាននូវការកើនឡើងដ៏កម្រនៃឱនភាពសារពើពន្ធ។
នៅឆ្នាំនេះ ពេលវេលានៃកិច្ចប្រជុំនេះ មានន័យថា សេចក្តីលម្អិតណាមួយ នឹងត្រូវបានដាក់ចេញត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបោះឆ្នោតជ្រើសរើសបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ គឺលោក Donald Trump ឬគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris ជាប្រធានាធិបតីបន្ទាប់។ ការបោះឆ្នោតនោះគ្រោងនឹងបិទបញ្ចប់នៅថ្ងៃអង្គារ តាមពេលវេលាម៉ោងក្នុងស្រុក។
ប្រធានសេដ្ឋវិទូចិន នៅក្រុមហ៊ុន Nomura លោក Ting Lu បានឲ្យដឹងនៅក្នុងកំណត់ត្រាមួយកាលពីសប្តាហ៍មុនថា៖ «ទំហំនៃកញ្ចប់ជំរុញសារពើពន្ធរបស់ចិន នឹងមានទំហំធំជាង ១០-២០ភាគរយ ក្រោមការដឹកនាំរបស់លោក Trump បើធៀបសេណារីយោរបស់លោកស្រី Harris»។
តែយ៉ាងណាក្ដី លោកបានព្រមានថា បញ្ហាប្រឈមភាគច្រើនរបស់ប្រទេសចិន គឺជាបញ្ហាក្នុងស្រុក ទោះបីជាវានឹងមានឥទ្ធិពលខ្លះៗពីលទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកក៏ដោយ។
គួរបញ្ជាក់ថា លោក Trump បានគំរាមដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនចំនួន ៦០ភាគរយ ឬបើតាមសេចក្ដីរាយការណ៍អាចឡើងដល់សូម្បីតែ ២០០ភាគរយ ដែលជាសេណារីយោដ៏ធ្ងន់ធ្ងរមួយ។ ចំណែកលោកស្រី Harris ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី មិនទាន់បានបង្ហាញនូវការបោះបង់ដ៏គួរឲ្យកត់សម្គាល់ពីវិធីសាស្រ្តរបស់រដ្ឋបាល លោក Joe Biden នៅឡើយទេ ក្នុងការរឹតបន្តឹងមិនឲ្យប្រទេសចិនមានលទ្ធភាពទទួលបានបច្ចេកវិទ្យាកម្រិតខ្ពស់៕