នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា និងកាណាដា បានថ្កោលទោស ចំពោះការផ្ទុះឡើងនូវអំពើហិង្សា កាលពីថ្ងៃអាទិត្យចុងប្ដាហ៍កន្លងមក នៅឯវត្តហិណ្ឌូមួយកន្លែង នៅជិតទីក្រុង Toronto ចំពេលភាពតានតឹងផ្នែកការទូត រវាងប្រទេសទាំង២ កំពុងកើនឡើង។
វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមហាក់ដូចជាបង្ហាញពីមនុស្សវាយតប់គ្នាជាមួយនឹងឈើចងទង់ជាតិ និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅជាយក្រុង Brampton របស់ទីក្រុង Toronto។ គេមិនទាន់ច្បាស់ទេថា អ្នកណាជាអ្នកបង្កឲ្យមានអំពើហិង្សានោះ ហើយសារព័ត៌មាន Reuters ក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវអ្វីដែលបានកើតឡើងនោះដែរ។
ហេតុការណ៍នេះ បានកើតឡើង ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុង Ottawa បានបណ្តេញអ្នកការទូតឥណ្ឌាចំនួន ៦នាក់ ដោយបានភ្ជាប់អ្នកនោះទៅនឹងការធ្វើឃាតលើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh ក្នុងឆ្នាំ២០២៣ នៅកាណាដា។ ប្រទេសកាណាដាបានចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាថា បានធ្វើយុទ្ធនាការទូលំទូលាយប្រឆាំងនឹងអ្នកប្រឆាំងអាស៊ីខាងត្បូង នៅកាណាដា ជាការលើកឡើងដែលទីក្រុង New Delhi បដិសេធ។
នគរបាលបាននិយាយថា មានបាតុកម្មនៅទីតាំងជាច្រើន ក្នុងតំបន់។ សកម្មជនសាសនា Sikh បាននិយាយថា បាតុកម្មមួយ គឺនៅវត្តហិណ្ឌូ ដែលសកម្មជនគាំទ្រចលនា Khalistan តវ៉ាពីការមានវត្តមានអ្នកការទូតឥណ្ឌា និងមួយទៀត នៅវិហារសាសនា Sikh។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចេញសេចក្តីថ្លែងការណ៍រិះគន់ធ្ងន់ៗ នៅលើបណ្ដាញសង្គម X កាលពីថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) ថា៖ «ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារដោយចេតនាលើវត្តរបស់សាសនាហិណ្ឌូ ក្នុងប្រទេសកាណាដា។ អ្វីដែលគួរស្លុតដែរនោះ គឺថា មានការប៉ុនប៉ងដ៏កំសាកបំភិតបំភ័យអ្នកការទូតរបស់យើង»។
ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយកាលពីថ្ងៃអាទិត្យថា «អំពើហិង្សាទាំងឡាយ» គឺមិនអាចទទួលយកបាននោះទេ៕