ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) បានរាយការណ៍ថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (គីម ជុង អ៊ុន) គឺលោកស្រី Kim Yo Jong (គីម យូ ជុង) បាននិយាយថា សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បង្ហាញឲ្យឃើញថា ការពង្រឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជារឿងត្រឹមត្រូវសមហេតុផល។
លោកស្រី គីម បានរិះគន់សមយុទ្ធដែនអាកាសដែលពួកគេបានធ្វើបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបដើរដោយឥន្ធនៈរឹងថ្មី ដែលមានឈ្មោះថា Hwasong-19 កាលពីសប្តាហ៍មុន ក៏ដូចជាបានរិះគន់ចំពោះសមយុទ្ធយោធា «ជាង ២០លើក» ដែលប្រទេសសម្ព័ន្ធមិត្តទាំងនេះបានធ្វើនៅឆ្នាំនេះ។
សារព័ត៌មាន KCNA បានឲ្យដឹងថា ដោយគិតដល់ការគំរាមកំហែងបែបនេះ កូរ៉េខាងជើង នឹងមិនងាកចេញពីផ្លូវ ក្នុងការពង្រឹងការរារាំងនុយក្លេអ៊ែររបស់ខ្លួនឡើយ។
ការបាញ់មីស៊ីល ICBM របស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន បានហោះខ្ពស់ជាងមីស៊ីលរបស់កូរ៉េខាងជើង កាលពីមុន។ នេះបើយោងតាមការឲ្យដឹងពីកូរ៉េខាងជើងផ្ទាល់ ក៏ដូចជាយោធា នៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះចូលយ៉ាងជ្រៅទៅក្នុងលំហរបស់មីស៊ីលនេះ មុនពេលវាធ្លាក់ក្នុងមហាសមុទ្រ រវាងប្រទេសជប៉ុន និងរុស្ស៊ី។
កងទ័ពអាកាសកូរ៉េខាងត្បូង បានប្រាប់ថា ក្រោយមានការបាញ់បង្ហោះនោះ កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាជាលើកដំបូង ដែលពាក់ព័ន្ធនឹងយានដ្រូន Global Hawk និង Reaper ដោយទម្លាក់គ្រាប់តម្រង់គោលដៅដោយមាន GPS ក្នុងការវាយប្រហារក្លែងធ្វើឲ្យដូចពិត ប្រឆាំងគោលដៅសត្រូវ៕