ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃចន្ទបានបញ្ជាឱ្យដោះលែងអនីតិជនរាប់សិបនាក់ដោយគ្មានលក្ខខណ្ឌ ដែលតាមការចោទប្រកាន់ត្រូវបានចាប់ខ្លួនក្នុងអំឡុងការតវ៉ាមួយនៅក្នុងប្រទេសនេះ ខណៈអំពាវនាវឱ្យមានការស៊ើបអង្កេតជុំវិញការឃុំខ្លួនពួកគេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Mohammed Idris បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុង Abuja រដ្ឋធានី ប្រទេសនីហ្សេរីយ៉ា ថា ការណែនាំរបស់ប្រធានាធិបតីទៅដល់រដ្ឋអាជ្ញារបស់ប្រទេស បានចូលជាធរមានភ្លាមៗ ដោយមិនគិតពីដំណើរការផ្លូវច្បាប់កំពុងដំណើរ ដែលត្រូវបានបង្កើតឡើងប្រឆាំងពលរដ្ឋវ័យក្មេង។
លោករដ្ឋមន្ត្រី និយាយបន្ថែមថា លោក Tinubu ក៏បានណែនាំដល់ភ្នាក់ងារអនុវត្តច្បាប់ទាំងអស់ដែលពាក់ព័ន្ធទៅនឹងការចាប់ខ្លួន និងដំណើរការផ្លូវច្បាប់ ត្រូវតែបានស៊ើបអង្កេត ហើយប្រសិនបើមានការរំលោភបំពានណាមួយ ត្រូវបានរកឃើញថាប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាលណាមួយ នោះវិធានការវិន័យសមស្របនឹងត្រូវអនុវត្តលើអ្នកទាំងឡាយនោះ។
យោងទៅតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា អនីតិជន មានអាយុក្រោម១៨ឆ្នាំ ត្រូវបានចាប់ខ្លួននៅភាគខាងជើងប្រទេសក្នុងអំឡុងពេលបាតុកម្មនៅទូទាំងប្រទេសនីហ្សេរីយ៉ា កាលពីខែសីហា ហើយត្រូវបានកាត់ទោសពីបទក្បត់ជាតិ កាលពីសប្តាហ៍មុននៅទីក្រុង Abuja ។