នគរបាលក្រិកកាលពីថ្ងៃចន្ទ បានចាប់ខ្លួនជនសង្ស័យទី៣ជុំវិញការពាក់ព័ន្ធនឹងការបំផ្ទុះនៅកណ្តាលក្រុងអាថែន កាលពីសប្តាហ៍មុន ដែលអាជ្ញាធរបានស្តីបន្ទោសលើក្រុមជ្រុលនិយមក្នុងស្រុកដែលគេសង្ស័យ។
អាជ្ញាធរ បាននិយាយថា ស្ត្រីវ័យ ៣០ ឆ្នាំរូបនេះ បានប្រគល់ខ្លួនឲ្យអាជ្ញាធរក្រិក កាលពីថ្ងៃចន្ទ នៅអាកាសយានដ្ឋានអន្តរជាតិ Athens បន្ទាប់ពីត្រូវតាមបានរកឃើញនៅក្នុងប្រទេសស្វ៊ីស។
ការបំផ្ទុះកាលពីថ្ងៃទី ៣១ ខែតុលា បានឆាបឆេះផ្ទះល្វែងជាន់ទី ៣ មួយកន្លែង ក្នុងសង្កាត់ Ambelokipi ដោយបានសម្លាប់បុរសអាយុ ៣៦ឆ្នាំម្នាក់ដែលគេជឿថា កំពុងដំឡើងគ្រឿងផ្ទុះ។ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ បានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមការយាមកាមរបស់នគរបាល។ ជនសង្ស័យម្នាក់ ភេទប្រុស អាយុ ៣១ឆ្នាំ បានប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
រដ្ឋមន្ត្រីក្រសួងការពារពលរដ្ឋ លោក Michalis Chrisochoidis បានប្រាប់ទូរទស្សន៍ឯកជន Skai ថា៖«វាគឺជាគ្រាប់បែកដ៏ធំចម្លែក ដែលមានសារធាតុផ្ទុះចម្រុះ។ «វានឹងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំព្រោះវាមានកម្លាំងខ្លាំង»។ ប្លុកអាផាតមិន ត្រូវបានប្រកាសថា មិនមានមនុស្សរស់នៅទេ ដោយសារការ ខូចខាតពីការផ្ទុះ។