សហរដ្ឋអាមេរិកបានអនុម័តការលក់ដែលអាចមាននូវប្រព័ន្ធព្រមានទុកមុន និងត្រួតពិនិត្យលើអាកាសទៅឲ្យប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដោយការព្រមព្រៀមនេះជាផ្នែកមួយនៃកញ្ចប់យោធាជិត ៥ពាន់លានដុល្លារអាមេរិក។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) បានឲ្យដឹងថា ខ្លួនបានយល់ព្រមលក់យន្តហោះ E-7 Airborne Early Warning & Control (AEW&C) ចំនួន ៤គ្រឿង ម៉ាស៊ីនយន្តហោះចំនួន ១០គ្រឿង ហើយនិងប្រព័ន្ធ និងសមាសធាតុជំនួយផ្សេងទៀត ជាការចំណាយដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៤,៩២ពាន់លានដុល្លារ។
យន្តហោះផ្ដល់ការព្រមានទុកមុន និងត្រួតពិនិត្យ ដែលគេស្គាល់ថា Wedgetails នឹងជួយឲ្យកូរ៉េខាងត្បូងអាចរកឃើញមីស៊ីល និងការគំរាមកំហែងផ្សេងទៀត បានលឿនរហ័ស និងចម្ងាយឆ្ងាយជាងប្រព័ន្ធរ៉ាដានៅលើដី។
ក្រសួងការបរទេសបាននិយាយថា៖ «ការលក់ដែលត្រូវបានស្នើឡើងនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្នុងការទប់ទល់នឹងការគំរាមកំហែង នាពេលបច្ចុប្បន្ន និងអនាគត ដោយលើកកម្ពស់ដល់ការស៊ើបការណ៍សម្ងាត់ ការតាមឃ្លាំមើល និងការឈ្លបយកការណ៍ (ISR) ហើយនិងការព្រមានជាមុន និងសមត្ថភាពត្រួតពិនិត្យតាមអាកាស»។
យ៉ាងណាក្ដី រដ្ឋបាលកម្មវិធីលទ្ធកម្មការពារជាតិរបស់កូរ៉េខាងត្បូង មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញការអនុញ្ញាតដល់ការលក់របស់សហរដ្ឋអាមេរិកនេះ ប៉ុន្តែប្រភពពីទីភ្នាក់ងារនេះ បាននិយាយថា ក្រុមហ៊ុន Boeing ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលកំពុងស្ថិតក្រោមការពិចារណា សម្រាប់គម្រោងយន្តហោះព្រមានទុកមុននៅលើអាកាសរបស់ខ្លួននេះ៕

