អូឡាំពិក៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានបង្ហាញក្តីបារម្ភរបស់ខ្លួនជុំវិញគម្រោងរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ពីរឆ្នាំម្តងរបស់ FIFA ដែលនឹងអាចបង្កផលប៉ះពាល់ដល់កីឡាដទៃ។

IOC បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ការរៀបចំ World Cup បុរស ២ឆ្នាំម្តងជាក់ស្តែងបានប៉ះពាល់ដល់ការប្រកួតកីឡាអូឡាំពិក ការប្រកួតកីឡាពិភពលោកនៃកីឡាផ្សេងៗ ក៏ប៉ះពាល់ដល់កាលវិភាគប្រកួតកីឡាបាល់ទាត់នារីផងដែរ។ ការប៉ះពាល់បែបនេះ អាចជះឥទ្ធិពលខ្លាំងដល់ដំណើរការអភិវឌ្ឍកីឡាដទៃទៀត ជាពិសេសបាល់ទាត់ស្ត្រីដែលកំពុងងើបមុខមាត់ប៉ុន្មានឆ្នាំចុងក្រោយនេះ អាចនឹងមិនត្រូវបានគេចាប់អារម្មណថែមទៀត។ IOC មិនបានបង្ហាញការបដិសេធចំពោះគំរោងរបស់ FIFA នេះទេ តែទាមទារឱ្យមានការពិភាក្សាវែងឆ្ងាយជាងនេះ មិនមែនគិតតែនៅលើកីឡាបាល់ទាត់ម្នាក់ឯងបានទេ។ សូមបញ្ជាក់ថា គម្រោងរបស់ FIFA នេះ ត្រូវបានស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប UEFA និងលីគបាល់ទាត់ធំៗភាគច្រើននៅអឺរ៉ុបបានប្រកាសរួចហើយថា ពួកគេប្រឆាំងនឹងផែនការនេះ៕
អត្ថបទ៖នាង សុភាវុធ