បណ្ដារដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសប្រជាធិបតេយ្យទាំង ៧ (G7) និងសម្ព័ន្ធមិត្តសំខាន់ៗ ៣ផ្សេងទៀត នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) នេះ បាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង នៅប្រទេសរុស្ស៊ី និងលទ្ធភាពដែលពួកគេអាចត្រូវបានប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
រដ្ឋមន្ត្រីទាំងនោះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការគាំទ្រដោយផ្ទាល់របស់ DPRK (កូរ៉េខាងជើង) ដល់សង្គ្រាមលុកលុយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ក្រៅពីការបង្ហាញកិច្ចប្រឹងប្រែងដ៏អស់សង្ឃឹមរបស់រុស្ស៊ី ដើម្បីទូទាត់ដល់ការខាតបង់របស់ខ្លួន នឹងពង្រីកបន្ថែមនូវគ្រោះថ្នាក់នៃជម្លោះនេះ»។
ក្រៅពីសមាជិកនៃក្រុមប្រទេស G7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ បារាំង និងកាណាដា សេចក្តីថ្លែងការណ៍នោះក៏ត្រូវបានចុះហត្ថលេខាដោយកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់ផងដែរ។
រដ្ឋមន្ត្រីទាំងនោះបាននិយាយថា ពួកគេបានថ្កោលទោស «ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត» ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងកូរ៉េខាងជើង និងរុស្ស៊ី ក្នុងនោះរួមទាំង «ការទិញដោយខុសច្បាប់» របស់រុស្ស៊ីសម្រាប់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង៕

