ក្រុមជួយសង្រ្គោះ បានប្រមូលគំនរបាក់បែក និងកម្ទេចកម្ទី ក្រោយភ្នំភ្លើង Lewotobi បានផ្ទុះកាលពីពាក់កណ្តាលយប់អាធ្រាត្រថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ ហើយនិងធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នងក្លាយជាគំនរបាក់បែក ។
ក្រុមសាច់ញាតិមានភាពក្រៀមក្រំជាខ្លាំង ពេលដែលក្រុមជួយសង្រ្គោះរកឃើញសាកសពរោលភ្លើងរបស់មនុស្សជាទីស្រលាញ់ពួកគេនៅក្រោមគំនរកម្ទេចកម្ទី និងរៀបចំក្តារមឈូសម្រាប់ធ្វើពិធីបុណ្យសពទ្រង់ទ្រាយធំ ។
លោក Heronimus Lamawuran គឺជាអ្នកនាំពាក្យរដ្ឋាភិបាលតំបន់ East Flores និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្សប្រហែល ២.៤៧២នាក់ ក្នុងចំណោមអ្នកស្រុក ១៦.០៨៦នាក់ មកពីភូមិចំនួន ៨ ត្រូវបានជម្លៀសខ្លួន ។
ក្រុមអាជ្ញាធរ បានស្រង់តួលេខចំនួនមនុស្សស្លាប់សរុបធ្លាក់ចុះពីចំនួន ១០នាក់ មកនៅត្រឹម ៩នាក់វិញ ក្នុងនោះមនុស្ស ៦៣នាក់ បានរងរបួស ហើយផ្ទះសម្បែងប្រហែល ២.៣៨៤ខ្នង និងសាលារៀនយ៉ាងហោច ២៥កន្លែង បានរងការខូចខាត ៕



