នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) នេះ បាននិយាយថា ប្រទេសរបស់លោក បានលៃទុកថវិកា ១០,៦ពាន់លានអឺរ៉ូ (១១,៥៥ពាន់លានដុល្លារ) ជាប្រាក់កម្ចី និងជំនួយ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ដ៏គំហុកភ្លាមៗ ដែលបានកើតមាននៅឆ្នេរភាគខាងកើតនៃប្រទេស ជុំវិញទីក្រុង Valencia កាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ លោក Sanchez បានប្រាប់ទៀតថា រដ្ឋាភិបាលគ្រោងនឹងចំណាយប្រាក់រហូតដល់ ៨៣៨លានអឺរ៉ូ ជាការប្រគល់សាច់ប្រាក់ដោយផ្ទាល់ដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ដែលបានបណ្តាលឲ្យមនុស្ស ២១៧នាក់បាត់បង់ជីវិត កាលពីសប្តាហ៍មុន ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសអេស្ប៉ាញ។
ទីភ្នាក់ងារឥណទាន ICO របស់រដ្ឋាភិបាល នឹងធានាផ្ដល់ជូននូវប្រាក់កម្ចីរហូតដល់ទៅ ៥ពាន់លានអឺរ៉ូដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម បុគ្គល និងក្រុមគ្រួសារធ្វើការដោយខ្លួនឯង ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។
លើសពីនោះទៀត មូលនិធិបន្ថែមនឹងត្រូវលៃទុកផ្តល់ដល់អ្នកដែលទទួលរងផលប៉ះពាល់ពីការបង់ពន្ធ និងអត្ថប្រយោជន៍ថ្ងៃឈប់សម្រាក ក៏ដូចជាការទូទាត់ ដើម្បីស្វែងរកអចលនទ្រព្យជំនួស ហើយនិងការជួសជុលផ្លូវថ្នល់ និងផ្លូវដែក។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលបានដាក់ពង្រាយមន្ត្រីនគរបាល និងទាហានចំនួន ១៤.៨៩៨នាក់ នៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់យ៉ាងគំហុកភ្លាមៗនេះ៕