ប្រជាជនអាមេរិកបានចេញទៅបោះឆ្នោតកាលពីថ្ងៃអង្គារក្នុងអារម្មណ៍មិនសប្បាយចិត្ត និងការខ្វែងគំនិតគ្នា ខណៈការស្ទង់មតិបង្ហាញថាអ្នកបោះឆ្នោតជិត២ ភាគ៣ ជឿថាប្រទេសនេះកំពុងបោះជំហានក្នុងទិសដៅខុស ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden ។

ខណៈសេដ្ឋកិច្ចសហរដ្ឋអាមេរិកប៉ះទង្គិចដោយសារការបិទប្រទេសពីជំងឺរាតត្បាតសកល COVID-19 ស្របពេលកំណើនតម្រូវការការងារខ្ពស់ និងការកើនឡើងប្រាក់ឈ្នួល ប្រជាជនអាមេរិកជាច្រើនបានត្អូញត្អែរថា ប្រាក់កម្រៃទាំងនោះ ត្រូវបានចំណាយខ្ពស់ខ្លាំងលើគ្រឿងទេស និងតម្លៃជួលផ្ទះ។

ការសន្យារបស់លោក Biden ក្នុងការវិលត្រឡប់ទៅរករបបអន្តោប្រវេសន៍ប្រកបដោយមនុស្សធម៌ជាង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Donald Trumpមកពីគណបក្សសាធារណរដ្ឋ មិនយូរប៉ុន្មានបានប៉ះទង្គិចជាមួយនឹងការពិតនៃការកើនឡើងការឆ្លងព្រំដែនខុសច្បាប់ចូលទឹកដីអាមេរិកពីសំណាក់ក្រុមជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោក។

តុលាការកំពូលបានកែប្រែទិដ្ឋភាពផ្លូវច្បាប់ជុំវិញសិទ្ធិរំលូតកូនដោយលុបចោលសេចក្ដីសម្រេច Roe v. Wade ដែលកំពុងដុតបញ្ឆេះបញ្ហាបែកបាក់គ្នាខ្លាំងបំផុតមួយក្នុងចំណោមបញ្ហានានាក្នុងនយោបាយអាមេរិក។

ហើយទោះបីជាលោក Biden បានសន្យាថាអាមេរិកនឹងបម្រើជាកម្លាំងស្ថិរភាពនៅក្នុងពិភពលោកក៏ដោយ ជម្លោះនៅក្រៅប្រទេសបានគ្របដណ្ដប់លើតំណែងប្រធានាធិបតីរបស់លោកហើយមិនថាលោកTrump ឬលោកស្រីHarris ក្លាយជាប្រធានាធិបតី អ្នកនោះនឹងត្រូវដោះស្រាយរតកចម្រុះទាំងនោះ។លោក Biden ដែលជាអ្នកប្រជាធិបតេយ្យបានចាប់ផ្តើមអាណត្តិប្រធានាធិបតីរបស់លោកដោយផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងជាច្រើនរបស់លោកTrump៕