បន្ទាប់ពីយុទ្ធនាការជាច្រើនខែ ពលរដ្ឋអាមេរិក ដែលកំពុងបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារ ០៥ វិច្ឆិកា ផ្ដោតទៅលើបញ្ហាសំខាន់បំផុតចំនួនពីរ ដែលកំណត់បេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងខាងបក្សសាធារណរដ្ឋ លោក Donald Trump តាំងពីដំបូងនោះគឺ សិទ្ធិរំលូតកូន និងការធ្វើអន្តោប្រវេសន៍។

នៅក្នុង ៦៥បទសម្ភាសន៍នៅប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកបោះឆ្នោតបានបន្តសម្រេចចិត្តមិនដាច់ក្នុងជម្រើសរបស់ពួកគេសម្រាប់ប្រធានាធិបតី ខណៈបញ្ហាទាំងនោះសុទ្ធតែសំខាន់បំផុតដូចគ្នា។

សម្រាប់អ្នកគាំទ្រលោក Trump តម្រូវការដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលជាប្រធានបទសំខាន់នៃតំណែងប្រធានាធិបតីរបស់លោក គឺជាហេតុផលទី១ សម្រាប់ការបោះឆ្នោតគាំទ្របក្សសាធារណរដ្ឋ នេះបើយោងតាមអ្នកដែលត្រូវបានសម្ភាសន៍។ ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច និងអតិផរណាខ្ពស់ត្រូវបានលើកឡើងជាញឹកញាប់ថាជាបញ្ហាផ្សេងទៀតដែលជំរុញទឹកចិត្តអ្នកគាំទ្ររបស់លោក Trump ទោះបីជាសេដ្ឋកិច្ចអាមេរិកបន្តកើនឡើង ហើយអត្រាគ្មានការងារធ្វើនៅទាបក៏ដោយ។

សម្រាប់អ្នកគាំទ្រលោកស្រី Harris វិញ ការប្តេជ្ញារបស់លោកស្រីក្នុងការការពារសិទ្ធិរំលូតកូន គឺជាហេតុផលដ៏គួរឱ្យទាក់ទាញបំផុតក្នុងការបោះឆ្នោតសម្រាប់អនុប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះ។ ការយល់ឃើញដែលថាលោក Trump តែងតែលើកឡើងពីការរើសអើងជាតិសាសន៍ និងការប្រមាថនោះ ក៏ជារឿងសំខាន់ក្នុងចិត្តអ្នកបោះឆ្នោតផងដែរ។
ខណៈពេលដែលគំរូពីបទសម្ភាសន៍ទាំងនេះគឺតូចពេកមិនអាចធ្វើការសន្និដ្ឋានច្បាស់លាស់ណាមួយ វាក៏ផ្តល់នូវរូបភាពនៃទស្សនៈរបស់ប្រជាជនអាមេរិក ដែលអាចកំណត់អ្នកដឹកនាំបន្ទាប់របស់ពួកគេ៕