ក្រុមស្រាវជ្រាវអង់គ្លេសឈានមុខគេបាននិយាយនៅថ្ងៃពុធ (០៦ វិច្ឆិកា) នេះថា អត្រាកំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាវរួចទៅហើយរបស់ចក្រភពអង់គ្លេស អាចនឹងប្រឈមការវាយប្រហារកាន់តែធ្ងន់ធ្ងរ ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក និងដាក់ពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន វិទ្យាស្ថានជាតិស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម NIESR បានគូររូបភាពដ៏ក្រៀមក្រំមួយសម្រាប់សេដ្ឋកិច្ចអង់គ្លេសក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដែលទោះបីជាមិនមានផែនការពន្ធរបស់លោក Trump ក៏ដោយ ក៏កំណើនសេដ្ឋកិច្ចត្រូវបានគេមើលឃើញថាយឺតយ៉ាវដល់ ១,១% ក្នុងឆ្នាំ២០២៦ ពីតួលេខ ១,២% នៅឆ្នាំក្រោយ ហើយឈានដល់កម្រិតត្រឹមតែ ១,៧% ប៉ុណ្ណោះក្នុងឆ្នាំ២០៣០។

ប៉ុន្តែសម្រាប់ប្រទេសដែលឆាប់រសើបចំពោះការផ្លាស់ប្តូរលំហូរពាណិជ្ជកម្មពិភពលោកមួយនេះ អាចប្រកាសកំណើនសេដ្ឋកិច្ចត្រឹមតែ ០,៤% ប៉ុណ្ណោះនៅឆ្នាំក្រោយ ប្រសិនបើអាមេរិក អនុវត្តពន្ធដូចអ្វីដែលលោក Trump បានសន្យានោះ នេះបើតាមអ្នកជំនាញ លោក អាម៉េត ខាយ៉ា (Ahmet Kaya) សេដ្ឋវិទូនៅស្ថាប័ន NIESR។

លោកបន្តថា សេដ្ឋកិច្ចពិភពលោកក៏នឹងរងទុក្ខផងដែរ ប្រសិនបើលោក Trump ដាក់ពន្ធ ៦០% លើការនាំចូលរបស់ចិន និង ១០% លើការនាំចូលពីគ្រប់ទិសទី។ លោកសង្កត់ធ្ងន់ថា ធនាគារអង់គ្លេសប្រហែលជាត្រូវដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងកំណើនតម្លៃដែលបណ្តាលមកពីការឡើងថ្លៃរបស់អាមេរិក ប៉ុន្តែអតិផរណានឹងនៅតែអាចកើនឡើងចន្លោះពី ២% ទៅ ៣% ក្នុងរយៈពេលពីរឆ្នាំ៕