ប្រណាំងរថយន្ត៖ មិនមានព្រឹត្តិការណ៍ F1 នៅក្នុងកាលវិភាគប្រកួតនៅរដូវកាល ២០២២ ឡើយដោយសារតែវិបត្តិ Covid-19 នេះ។ ទីលាននៅទីក្រុងសៀងហៃបានផ្អាកមិនរៀបចំការប្រកួត F1 តាំងពីការផ្ទះឡើងដំបូងនៃមេរោគរាតត្បាត Covid-19 ហើយវិធានការតឹងរ៉ឹងបច្ចុប្បន្នរបស់ចិនជុំវិញបញ្ហា Covid-19 នេះ មានន័យថាការប្រកួតនៅលើទឹកដីចិនពិតជាមិនអាចទៅរួចឡើយ។

កាលវិភាគប្រកួតរបស់ចិនជារៀងរាល់ឆ្នាំគឺនៅខែមេសា ខណៈអវត្តមានរបស់ចិននឹងជំនួសដោយការប្រកួតនៅទីលាន Imola ប្រទេសអ៊ីតាលីនៅថ្ងៃទី២៤ ខែមេសា។ មានតែចិនមួយទេដែលនៅតែបន្តអវត្តមាន ក្រៅពីនេះរួមមានអូស្ត្រាលី កាណាដា សឹង្ហបុរី និងជប៉ុនសុទ្ធតែត្រលប់មកក្នុងកាលវិភាគរបស់ F1 វិញនៅឆ្នាំ២០២២ ខាងមុខ។ បួនប្រទេសខាងលើនេះសុទ្ធតែអវត្តមាន ២រដូវកាលមកហើយដោយសារវិបត្តិ Covid-19 នេះ។
F1 នៅរដូវកាល ២០២២ ខាងមុខនឹងមានការប្រកួតដល់ទៅ ២៣ទីលានដែលនេះជាចំនួនច្រើនបំផុតក្នុងមួយរដូវកាលរបស់ F1។ រដូវកាលក្រោយការប្រកួតនឹងចេញដំបូងនៅប្រទេសបារ៉ែនថ្ងៃទី២០ ខែមីនា និងបិទបញ្ចប់រដូវកាលនៅថ្ងៃទី២០ ខែវិច្ឆិកាមានន័យថា ២៣ទីលាននេះប្រកួតក្នុងចន្លោះ ៣៥សប្តាហ៍។ F1 ក៏បានគិតគូពីកាលវិភាគរបស់ខ្លួនមិនឱ្យជាន់នឹង World Cup ២០២២ ដែរពោលគឺរដូវកាល ២០២២ នឹងបញ្ចប់ ៣សប្តាហ៍មុន World Cup៕
អត្ថបទ៖នាង សុភាវុធ