គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃនៅតែបន្តនាំមុខតារាងមេដាយ ក្រោយឈ្នះមេដាយសរុប១១៥គ្រឿង(មាស៦៥ ប្រាក់៣២ និងសំរឹទ្ធ១៨) ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី០៤ និងកីឡាជាតិជនពិការលើកទី០២ ឆ្នាំ២០២៤។ ក្រសួងការពារជាតិកំពុងដេញតាមពីក្រោយ ប៉ុន្តែគម្លាតមេដាយខុសគ្នាច្រើន បន្ទាប់ពីឈ្នះមេដាយមាស៤២គ្រឿង ប្រាក់២៥គ្រឿង និងសំរឹទ្ធ២១គ្រឿង សរុប៨៧គ្រឿង។
ចំណែកខេត្តកណ្តាលបន្តឈរលេខ៣ ជាមួយមេដាយមាស១២គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៣១គ្រឿង សរុប៥៦គ្រឿង។ ក្រសួងសេដ្ឋកិច្ច បញ្ចប់ថ្ងៃប្រកួតទី៧ ឈរនៅលេខ៤ជាមេដាយសរុប១៩គ្រឿង ក្នុងនោះមាស៩គ្រឿង ប្រាក់៧គ្រឿង និងសំរឹទ្ធ៣គ្រឿង។

ឯខេត្តតាកែវ សៀមរាប ស្ទឹងត្រែង កែប ព្រៃវែង និងខេត្តកំពង់ឆ្នាំងឈរនៅលំដាប់ទី៥ ៦ ៧ ៨ ៩ និងលំដាប់ទី១០រៀងគ្នា ស្របពេលដែលខេត្តស្វាយរៀងឡើងពីលេខ១៧មកឈរនៅចំណាត់ថ្នាក់ទី១១ ក្រោយដណ្តើមបានមេដាយមាស៣គ្រឿង ប្រាក់៨ និងសំរឹទ្ធ៧គ្រឿង សរុប១៨គ្រឿង។
រីឯខេត្តកោះកុង ពេលនេះដណ្តើមបានមេដាយហើយ និងឡើងមកឈរលេខ១៨ ក្រោយឈ្នះមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប៧គ្រឿង។ ព្រះវិហាក៏ឈ្នះមេដាយដែរ ក្រោយពីមិនអាចរកមេដាយបាន៦ថ្ងៃប្រកួត ដោយដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង។

ពេលនេះមានតែខេត្តពីរទេក្នុងចំណាម២៥រាជធានី ខេត្តនិងក្រសួង៣ដែលចូលរួមកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំនេះ មិនទាន់ឈ្នះមេដាយ គឺខេត្តក្រចេះ និងខេត្តរតនៈគីរី ពេលដែលកីឡាជាតិ នឹងបញ្ចប់នៅថ្ងៃទី៨ ខែវិច្ឆិកា សប្ដាហ៍នេះ៕

