លទ្ធផលដំបូងពីការស្ទង់មតិក្រោយបោះឆ្នោតបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចគឺជាបញ្ហាសំខាន់បំផុតសម្រាប់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ ជាងមួយភាគបីនៃប្រជាជនបានកំណត់លទ្ធិប្រជាធិបតេយ្យជាកង្វល់ចម្បងរបស់ពួកគេ ក្នុងចំណោមជម្រើសទាំង៥ ដែលបានផ្តល់ឱ្យក្នុងការស្ទង់មតិ។

សេដ្ឋកិច្ចគឺជាជម្រើសបន្ទាប់ បន្តដោយសិទ្ធិរំលូតកូន អន្តោប្រវេសន៍ និងគោលនយោបាយការបរទេស។ ទិន្នន័យដំបូងនេះអាចផ្លាស់ប្តូរ ដោយសារវាត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានថ្មីៗពេញមួយយប់ថ្ងៃអង្គារ។
សេដ្ឋកិច្ចពីមុនបានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីបញ្ហាដែលជំរុញទឹកចិត្តអ្នកបោះឆ្នោតនៅក្នុងរាល់ការបោះឆ្នោតប្រធានាធិបតីចាប់តាំងពីឆ្នាំ២០០៨មក។

ក្នុងចំណោមអ្នកគាំទ្រលោកស្រី Kamala Harris ប្រហែល ៦នាក់ក្នុងចំណោម ១០នាក់ និយាយថា ស្ថានភាពប្រជាធិបតេយ្យគឺជាបញ្ហាជំរុញទឹកចិត្តរបស់ពួកគេ បើប្រៀបធៀបទៅនឹងអ្នកដែលគាំទ្រលោក Donald Trump ដោយមានម្នាក់ប៉ុណ្ណោះក្នុងចំណោម ១០នាក់ ដែលគិតបែបនេះ។ តាមការប្រៀបធៀប ពាក់កណ្តាលនៃអ្នកគាំទ្រលោក Trump បានកំណត់សេដ្ឋកិច្ចថាជាបញ្ហាសំខាន់បំផុត បើប្រៀបធៀបទៅនឹងអ្នកដែលគាំទ្រលោកស្រី Harris ត្រឹមតែម្នាក់ក្នុងចំណោម ១០នាក់។
ប៉ុន្តែភាគីទាំងពីរហាក់បង្ហាញពីការព្រួយបារម្ភខ្លាំងដូចគ្នាពីលទ្ធិប្រជាធិបតេយ្យអាមេរិក ដោយជិត ៣ភាគ៤ នៃអ្នកដែលត្រូវបានស្ទង់មតិនិយាយថា ពួកគេមានអារម្មណ៍ថាលទ្ធិប្រជាធិបតេយ្យគឺរងការគំរាមកំហែង រួមទាំងភាគរយស្រដៀងគ្នាក្នុងចំណោមគណបក្សទាំងពីរ៕