មន្ត្រីសន្តិសុខជាន់ខ្ពស់កោះតៃវ៉ាន់ បាននិយាយនៅពីថ្ងៃពុធ (០៦ វិច្ឆិកា) នេះថា សហរដ្ឋអាមេរិក នឹងបន្តប្រើវិធីសាស្រ្តមិត្តភាពរបស់ខ្លួនឆ្ពោះទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ហើយតៃវ៉ាន់ នឹងធ្វើការដើម្បីរារាំងប្រទេសចិន "កុំឱ្យបង្កបញ្ហា" ក្នុងអំឡុងពេលអន្តរកាល។

លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់តំណែងប្រធានាធិបតីអាមេរិក ទល់នឹងបេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានលើកឡើងក្នុងដំណើរនៃយុទ្ធនាការរបស់ខ្លួនថា កោះតៃវ៉ាន់គួរតែចំណាយដើម្បីការពារ ហើយក៏បានចោទកោះនេះថាបានលួចអាជីវកម្មគ្រឿងអេឡិចត្រូនិករបស់អាមេរិក។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភា អគ្គនាយកការិយាល័យសន្តិសុខតៃវ៉ាន់ លោក សៃ មីងយិន (Tsai Ming-yen) បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែនៅលើទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ យើងជឿជាក់ថាអាមេរិក នឹងបន្តវិធីសាស្រ្តបច្ចុប្បន្នរបស់ខ្លួនក្នុងការរឹតបន្តឹងប្រទេសចិន និងជាមិត្តជាមួយកោះតៃវ៉ាន់"។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅសភា ប្រមុខសេដ្ឋកិច្ចតៃវ៉ាន់ លោក គូ ជីវហួយ (Kuo Jyh-huei) បាននិយាយថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបោះឆ្នោត និងត្រៀមលក្ខណៈមិនថាអ្នកណាឈ្នះឡើយ។ លោកបន្ថែមថា យ៉ាងណាក៏ដោយ ទំនាក់ទំនងសេដ្ឋកិច្ចតៃវ៉ាន់-អាមេរិក មានភាពស៊ីជម្រៅ និងមិនងាយផ្លាស់ប្តូរទេ ហើយផលប៉ះពាល់លើសេដ្ឋកិច្ចនឹងមានតិចតួច ទោះប្រធានាធិបតីអាមេរិកបន្ទាប់ជាអ្នកណាក៏ដោយ៕