អាជ្ញាធរតុលាការតំបន់ Valencia បាននិយាយកាលពីថ្ងៃអង្គារទី៥ ខែវិច្ឆិកាថា មនុស្សយ៉ាងហោចណាស់៨៩នាក់ បានបាត់ខ្លួនដោយទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងកើតប្រទេសអេស្ប៉ាញ ខណៈនាយករដ្ឋមន្រ្តី លោក Pedro Sanchez បាននិយាយថា លោកត្រៀមថវិកាចំនួន១០,៦ពាន់លានអឺរ៉ូ (១១,៦ពាន់លានដុល្លារ) ដើម្បីជួយជនរងគ្រោះ។

តុលាការកំពូលនៃតំបន់ Valencia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួននេះ រួមបញ្ចូលតែរបាយការណ៍ពីគ្រួសារដែលបានផ្តល់ទិន្នន័យ និងគំរូជីវសាស្រ្តសម្រាប់ការកំណត់អត្តសញ្ញាណសាច់ញាតិរបស់ពួកគេប៉ុណ្ណោះ។

មនុស្សជាង២០០នាក់ បានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន បណ្តាលឱ្យផ្លូវទឹកពេញហៀរ បង្កឲ្យមានទឹកជំនន់ដ៏គំហុកកើតឡើងនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Valencia ដោយបានហូរនាំយករថយន្ត បំផ្លាញស្ពាន ជន់លិចទ្រព្យសម្បត្តិ និងចំណតរថយន្តក្រោមដី។
យ៉ាងហោចណាស់មនុស្ស២១៧នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់នេះ ប៉ុន្តែមានតែ១៣៣នាក់ប៉ុណ្ណោះ ត្រូវបានគេកំណត់អត្តសញ្ញាណរហូតមកដល់ពេលនេះ។