ក្បួនដំណើររបស់ជនអន្តោប្រវេសន៍ប្រមាណ ៣.០០០នាក់ បានចេញដំណើរកាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ពីភាគខាងត្បូងប្រទេសម៉ិកស៊ិក ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃដែលសហរដ្ឋអាមេរិក បោះឆ្នោត។

ការធ្វើអន្តោប្រវេសន៍ គឺជាបញ្ហាសំខាន់មួយនៅក្នុងយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ មុនពេលធ្វើដំណើរឆ្ពោះទៅភាគខាងជើង ជនអន្តោប្រវេសន៍បានប្រមូលផ្តុំគ្នានៅទីក្រុង Tapachula រដ្ឋធានីនៃរដ្ឋ Chiapas ភាគខាងត្បូង ដោយមានកាន់បដាមានសារដូចជា «គ្មានការបង្ហូរឈាមជនអន្តោប្រវេសន៍ទៀតទេ»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្បួនដំណើររបស់ជនអន្តោប្រវេសន៍ជាច្រើន សង្ឃឹមថានឹងបានចូលទៅកាន់សហរដ្ឋអាមេរិក ដោយព្យាយាមទៅដល់ព្រំដែនសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ដោយធ្វើដំណើរជាក្រុមធំមួយ ដើម្បីសុវត្ថិភាព។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ទីក្រុង Tapachula ជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ដែលបានប្រែក្លាយទីក្រុងមួយនេះ ទៅជាទីក្រុងមានអំពើហិង្សាបំផុត របស់ប្រទេសម៉ិកស៊ិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយជនអន្តោប្រវេសន៍ជារឿយៗ ត្រូវបានកំណត់គោលដៅដោយឧក្រិដ្ឋកម្មរៀបចំទុក។