UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបាននិយាយថា ក្រុមតាលីបង់នឹងប្រកាសពីក្របខ័ណ្ឌដែលនឹងអនុញ្ញាតឱ្យក្មេងស្រីចូលរៀននៅអាហ្វហ្គានីស្ថានក្នុងពេលឆាប់ៗនេះ បន្ទាប់ពី ៤សប្តាហ៍ដែលក្មេងប្រុសអាហ្វហ្គានីស្ថានទទួលបានការអប់រំថ្នាក់វិទ្យាល័យ ប៉ុន្តែក្មេងស្រីមិនបានទទួល។

លោក Omar Abdi នាយករងអង្គការ UNICEF បាននិយាយនៅអង្គការសហប្រជាជាតិក្នុងទីក្រុង New York កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងអប់រំបានប្រាប់ពួកលោកថា ពួកគេកំពុងធ្វើការលើក្របខ័ណ្ឌដែលពួកគេនឹងប្រកាសក្នុងពេលឆាប់ៗនេះ ដែលនឹងអនុញ្ញាតឱ្យក្មេងស្រីទាំងអស់បានចូលរៀននៅថ្នាក់អនុវិទ្យាល័យ ហើយយើងសង្ឃឹមថា វានឹងកើតឡើងក្នុងពេលឆាប់ៗនេះមែន។ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ក្រុមតាលីបង់បាននិយាយថា ពួកគេនឹងអនុញ្ញាតឱ្យក្មេងស្រីត្រលប់ទៅសាលារៀនវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមអ៊ីស្លាមនិយមដែលត្រូវគេស្គាល់ដោយសារច្បាប់ដ៏ឃោរឃៅ និងពោពេញដោយការគាបសង្កត់ចន្លោះពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ បានប្រឈមនឹងកំហឹងអន្តរជាតិបន្ទាប់ពីមិនអនុញ្ញាតឲ្យស្ត្រី និងក្មេងស្រីទៅសាលារៀន និងធ្វើការនៅទូទាំងប្រទេស ខណៈកំពុងរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋអាហ្វហ្គានីស្ថានជាបណ្តើរៗ។
ក្រុមតាលីបង់បានអនុញ្ញាតឱ្យក្មេងស្រីចូលរៀននៅសាលាបឋមសិក្សាតាំងពីដំបូង ប៉ុន្តែទាំងក្មេងស្រីទាំងគ្រូបង្រៀនរបស់ពួកគេមិនអាចឲ្យត្រលប់ទៅរៀនបន្តថ្នាក់អនុវិទ្យាល័យវិញបានទេ។ មន្ត្រីតាលីបង់បាននិយាយថា អាចកើតឡើងបានលុះត្រាតែសុវត្ថិភាពរបស់ក្មេងស្រី និងការបែងចែកយេនឌ័រដ៏តឹងរ៉ឹង អាចត្រូវបានធានាក្រោមការគិតគូរម៉ត់ចត់របស់ក្រុមនេះទៅលើច្បាប់សារីយ៉ា (sharia law) ដោយបន្ថែមថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីអនុវត្តក្របខ័ណ្ឌនេះ៕
អត្ថបទ៖ សុខមាន