ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសមាគមហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង បានបន្តចុះហត្ថលេខារយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយនឹងសមាគមហ្វាពន្លឺសិល្បៈក្នុងការលើកកម្ពស់ការអប់រំសិល្បៈនៅក្នុងខេត្តបាត់ដំបង។

ពិធីចុះហត្ថលេខាបន្តរយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈយោគ យល់គ្នានេះធ្វើឡើង រវាងលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសមាគមហ្វាពន្លឺសិល្បៈ ដែលតំណាងដោយលោក អូស្មាន ខារ៉ាចា នាយកប្រតិបត្តិ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការចុះអនុស្សរណៈនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែស៊ីជ្រៅបន្ថែមទៀតជាមួយនឹងសមាគមហ្វាពន្លឺសិល្បៈក្នុងការលើកកម្ពស់ការអប់រំសិល្បៈនៅក្នុងខេត្តបាត់ដំបង ដែលមានដូចជាសិល្បៈសូនរូប គំនូរសារគមនាគមន៍ តន្ត្រី ល្ខោន សៀក និងរបាំជាដើម និងចូលរួមចំណែកក្នុងការអភិរក្ស និងការវិវត្តនៃសិល្បៈ និងវប្បធម៌កម្ពុជា។

សូមជម្រាបថា សមាគមហ្វាពន្លឺសិល្បៈ គឺជាអង្គការដែលបានធ្វើការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីតាមរយៈសិល្បៈនិងការអប់រំ។ អង្គការនេះ ផ្តល់នូវទស្សនីយភាពសិល្បៈសៀកដល់ភ្ញៀវទេសចរ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសិល្បៈក្នុងខេត្តបាត់ដំបង។ កាលពីក្នុងខែធ្នូ ឆ្នាំ២០២២កន្លងមក ជាមោទកភាពមួយសម្រាប់ប្រទេសកម្ពុជា ដោយអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបងនេះទទួលបានសញ្ញាបត្រ World Guinness Record បន្ទាប់ពីបានបំបែកកំណត់ត្រាពិភពលោក ក្នុងការសម្ដែងសិល្បៈសៀក ដែលមានរយៈពេលវែងជាងគេនៅលើពិភពលោក រហូតដល់២៤ម៉ោង ពេញ និងមានអ្នកចូលទស្សនាជាង ៥.០០០នាក់។ មិនតែប៉ុណ្ណោះក្នុងរយៈពេលកន្លងមក អង្គការហ្វាពន្លឺសិល្បៈនេះបានធ្វើឱ្យខេត្តបាត់ដំបង មានកំណើនភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅខេត្តបាត់ដំបងច្រើន ក៏អាស្រ័យដោយសារមានសិល្បៈសៀករបស់ហ្វាពន្លឺសិល្បៈនេះផងដែរ៕ អត្ថបទ រដ្ឋា
