ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងនៅប្រទេសស៊ែប៊ី រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ នៅទីក្រុង Novi Sad ភាគពាយ័ព្យដើម្បីតវ៉ាដោយហិង្សាជុំវិញឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់ នៅស្ថានីយ៍រថភ្លើងក្នុងស្រុកមួយកន្លែង ដែលពួកគេបានស្តីបន្ទោសលើការធ្វេសប្រហែស និងអំពើពុករលួយ របស់រដ្ឋាភិបាល។

នគរបាល បានប្រើប្រាស់ការបាញ់ម្សៅម្រេចដើម្បីបំបែកហ្វូងមនុស្ស បន្ទាប់ពីក្រុមបាតុករបានវាយបំបែកបង្អួចនៅច្រកចូលសាលាក្រុងសតវត្សរ៍ទី ១៩ ដោយបានគប់ភ្លើងនិងផាវចូលទៅខាងក្នុងនោះ ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ដំបូលនៅតាមបណ្តោយច្រកចូលស្ថានីយ៍រថភ្លើង បានបាក់រលំភ្លាមៗបណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់។

ក្រុមអ្នកតវ៉ា បានកាន់បដាដែលមានអំណានថា «ឈាមនៅលើដៃរបស់អ្នក អ្នកនឹងត្រូវឆ្លើយសម្រាប់រឿងនេះ» និងបានស្រែកពាក្យថា «ចោរ» និង «ចាប់ខ្លួន ប្រធានាធិបតី លោក Aleksandar Vucic» ។
អ្នកនយោបាយ សកម្មជន និងក្រុមសិទ្ធិមនុស្សរបស់គណបក្សប្រឆាំងប្រទេសស៊ែប៊ី បានចោទប្រកាន់អាជ្ញាធរដែលស្មោះត្រង់នឹងលោក Vucic និងគណបក្សស៊ែប៊ីជឿនលឿនរបស់លោក ពីបទពុករលួយខ្លាំង ទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មរៀបចំទុក និងបក្ខពួកនិយម។ ប៉ុន្តែលោក Vucic និងសម្ព័ន្ធមិត្តបានច្រានចោលការចោទប្រកាន់បែបនេះ។