ប្រជាជនរស់នៅក្នុងទីក្រុងញូវឌេលី ប្រទេសឥណ្ឌា មើលឃើញនៅលើដងផ្លូវនានាក្នុងចម្ងាយជិត ដោយមានផ្សែងអ័ព្ទយ៉ាងក្រាស់ ខណៈកម្រិតនៃការបំពុលខ្យល់ មានស្ថានភាពធ្ងន់ធ្ងរ នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា នេះ។

រដ្ឋមន្រី្តក្រសួងបរិស្ថានរបស់ប្រទេសឥណ្ឌា លោក Gopal Rai បាននិយាយកាលពីថ្ងៃអង្គារទី ០៥ ខែវិច្ឆិកា ថា ដែនដីរដ្ឋធានីឌេលី របស់ប្រទេសឥណ្ឌា មានបំណងប្រើប្រាស់ភ្លៀងសិប្បនិម្មិត ដើម្បីប្រយុទ្ធប្រឆាំងការបំពុលខ្យល់នៅឆ្នាំនេះ ដោយសារតែគុណភាពខ្យល់កាន់តែធ្លាក់ចុះយ៉ាប់យ៉ឺននៅក្នុងតំបន់ ដែលនាំឱ្យមានការកើនឡើងជំងឺផ្លូវដង្ហើម។

តំបន់ធំៗនៅប្រទេសឥណ្ឌាភាគខាងជើង ទប់ទល់ទៅនឹងការបំពុលខ្យល់រាល់រដូវរងា ខណៈខ្យល់ត្រជាក់ធ្វើឲ្យជាប់ធូលី ការបំភាយឧស្ម័នពីរថយន្ត និងផ្សែងហុយចេញពីការដុតភ្លើងនៅតាមកសិដ្ឋាន ក្នុងរដ្ឋ Punjab និងរដ្ឋ Haryana ដែលគ្របដណ្តប់លើរដ្ឋធានីរបស់ប្រទេស និងនៅជាយក្រុង ពេញដោយផ្សែងអ័ព្ទពុល។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឯកជនក្នុងទីក្រុងឌេលី និងជាយក្រុងនានា បាននិយាយថា ពួកគេបានមើលឃើញការកើនឡើងចំនួនអ្នកជំងឺមានជំងឺផ្លូវដង្ហើមចាប់តាំងពីបុណ្យ Diwali ជាពិធីបុណ្យរបស់សាសនាហិណ្ឌូ ដែលបានប្រារព្ធកាលពីសប្តាហ៍មុន នៅពេលដែលមនុស្សជាច្រើន បានបំពានលើការហាមឃាត់ការដុតផាវ។