ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានរាយការណ៍កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ ជនភៀសខ្លួនស៊ីរី ២១៦នាក់ នៅក្នុងប្រទេសលីបង់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ៥០ថ្ងៃ ចុងក្រោយនេះ ចំពេលមានការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានត្រូវចំផ្ទះមួយខ្នង នៅក្នុងភូមិ Barghliyeh នៅក្បែរទីក្រុង Tire ភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់ជនភៀសខ្លួនស៊ីរី ៣នាក់ និងបីនាក់ផ្សេងទៀត រងរបួស។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្ស។

ការវាយប្រហារនេះ បានបន្ថែមចំនួនកើនឡើងនៃជនភៀសខ្លួនស៊ីរីដែលត្រូវបានសម្លាប់ ចាប់តាំងពីកាវាយប្រហារកាន់តែខ្លាំងរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ បានចាប់ផ្តើមកាលពីចុងខែកញ្ញាដោយក្នុងនោះមានស្ត្រី ៣៧នាក់ និងកុមារ ៥២នាក់។
ក្រុមឃ្លាំមើលនេះ បានថ្កោលទោសការវាយប្រហារនេះ ដោយសង្កត់ធ្ងន់ថា ជនភៀសខ្លួនស៊ីរី គឺជាជនស៊ីវិល ដែលមិនមានការពាក់ព័ន្ធក្នុងជម្លោះ ឬទំនាក់ទំនងជាមួយក្រុមហេសបូឡានោះទេ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រជាជនដែលរងផលប៉ះពាល់ រួមទាំងជនភៀសខ្លួនស៊ីរី ដោយបង្កើតច្រករបៀងសុវត្ថិភាព ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលភៀសខ្លួនចេញពីតំបន់ដែលមានហានិភ័យខ្ពស់។