នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាម៉េដ សៀ អាល់ ស៊ូដានី ( Mohammed Shia al-Sudani) កាលពីថ្ងៃអង្គារ បានជំរុញសហរដ្ឋអាមេរិកឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងប្រទេសលីបង់។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនបានឲ្យដឹងថា លោក អាល់ ស៊ូដានី បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប៊្លីនខិន (Antony Blinken) អំពីហានិភ័យសំខាន់ៗបង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា និងលីបង់។

ពួកគេបានសង្កត់ធ្ងន់លើផលប៉ះពាល់នៃសកម្មភាពទាំងនេះ ទៅលើសន្តិសុខ និងស្ថិរភាព ក្នុងតំបន់និងពិភពលោក។ សេចក្តីថ្លែងការណ៍ បាននិយាយថា អាល់ ស៊ូដានី បានជំរុញឲ្យសហរដ្ឋអាមេរិក និងមហាអំណាចផ្សេងទៀត បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបញ្ចប់ជម្លោះនេះ។

លោក អាល់ ស៊ូដានី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់មនុស្សធម៌ធ្ងន់ធ្ងរនៃជម្លោះនេះ ដោយអំពាវនាវឲ្យមានប្រតិបត្តិការសង្គ្រោះកាន់តែខ្លាំង ដើម្បីផ្តល់ជំនួយដល់ជនស៊ីវិល នៅក្នុងតំបន់ជម្លោះ និងជនភៀសខ្លួនដោយសារសង្រ្គាម។