ម៉ារ៉ាតុង៖ អត្តពលិកកេនយ៉ា Elisha Rotich និងកីឡាការិនីអេចូពី Tigist Memuye គឺជាអ្នកឈ្នះក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃអាទិត្យ។ សំរាប់ការប្រកួតផ្នែកបុរស Elisha Rotich បានកំណត់ត្រាពេលវេលាល្អបំផុតនៅទីក្រុងប៉ារីសនេះ បំបែកកំណត់ត្រាចាស់ជាមួយនឹងថេរវេលា ២ម៉ោង ៤នាទី ២១វិនាទី តាមពីក្រោយដោយកីឡាករអេចូពី Hailemaryam Kiros។

កីឡាករវ័យ ៣១ឆ្នាំ Elisha Rotich បានកំណត់ថេរវេលានេះបំបែកកំណត់ត្រាផ្ទាល់ខ្លួនជិតមួយនាទី និងបំបែកកំណត់ត្រារបស់ Kenenisa Bekele កាលពី ៧ឆ្នាំដែលធ្វើបាន ២ម៉ោង ៥នាទី ៤វិនាទីនៅពេលនោះ។ កីឡាករកេនយ៉ាមួយរូបទៀតគឺ Hillary Kipsambu ទទួលបានចំនាត់ថ្នាក់លេខ៣។ ចំណែកការប្រកួតផ្នែកនារី កីឡាការិនីសញ្ជាតិអេចូពី Tigist Memuye បានយកឈ្នះការប្រកួតជាមួយនឹងថេរវេលា ២ម៉ោង ២៦នាទី ១២វិនាទី តាមពីក្រោយ ៣វិនាទីដោយកីឡាការិនី Yenenesh Dinkesa និងលេខ៣ Fantu Jimma សុទ្ធតែមកពីប្រទេសអេចូពីទាំងអស់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងប៉ារីសឆ្នាំនេះមានអ្នកចូលរួមសរុបប្រមាណ ៦ម៉ឺននាក់មកពី ១៤៥ប្រទេសជុំវិញពិភពលោក ហើយការប្រកួតពីដើមឡើយតែងតែរៀបចំនៅអំឡុងខែមេសា តែត្រូវពន្យារពេល ៦ខែដោយសារបញ្ហា Covid-19៕
អត្ថបទ៖នាង សុភាវុធ