ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Shin YongHwa នាយករងប្រចាំប្រទេស នៃការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីពិនិត្យមើលស្ថានភាពសហគមន៍ ក៏ដូចជាវឌ្ឍនភាព និងសមិទ្ធិផលនៃការអនុវត្តគម្រោង។ ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជនបទ និងការពង្រឹងសហគមន៍។ គម្រោងភូមិសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរវាង កយកា-KOICA និងរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ មានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់ប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ជាមួយនឹងថវិកាចំនួន 10លានដុល្លារអាមេរិក សម្រាប់រយៈពេលពីឆ្នាំ 2022 ដល់ឆ្នាំ 2026 ដែលជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA គម្រោងនេះស្វែងរកការកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនបទតាមរយៈការកែលម្អលក្ខខ័ណ្ឌរស់នៅ ការបង្កើនប្រាក់ចំណូលប្រកបដោយចីរភាព និងការពង្រឹងអភិបាលកិច្ច៕ អត្ថបទ រដ្ឋា




