ស្ថានីយវិទ្យុ Sham FM បានរាយការណ៍ថា ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីតនៃចលនាតស៊ូឥស្លាម ក្នុងប្រទេសអ៊ីរ៉ាក់ បានវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅជិតតំបន់ប្រេង al-Omar ក្នុងខេត្ត Deir ez-Zor ប្រទេសស៊ីរី។

យោងតាមស្ថានីយ៍វិទ្យុនេះបានឲ្យដឹងថា យ៉ាងហោចណាស់មានការផ្ទុះចំនួនបី ត្រូវបានឮ នៅក្នុងទឹកដីដែលមានមូលដ្ឋានយោធានោះ។

សាក្សីនិយាយថា អង្គភាពស៊ីអ៊ីតដែលកំពុងប្រយុទ្ធនៅផ្នែកមួយនៃកងទ័ពរដ្ឋាភិបាលស៊ីរី បានប្រើយាន ដ្រូនអត្តឃាត ដើម្បីវាយប្រហារមូលដ្ឋានយោធារបស់អាមេរិក។
មូលដ្ឋានយោធារបស់អាមេរិក និងសម្ព័ន្ធលោកខាងលិច នៅតំបន់ al-Tanf របស់ប្រទេសស៊ីរី ត្រូវបានវាយប្រហារពីរដង កាលពីថ្ងៃទី ២៧ ខែតុលា។
អ្នកនាំពាក្យចលនានិកាយស៊ីអ៊ីត លោក Jafar al-Husseini បាននិយាយមុននេះថា ចលនានេះ «នឹងជួយបងប្អូនប៉ាឡេស្ទីន និងលីបង់ ហើយនឹងបង្កើនការវាយប្រហារលើអ៊ីស្រាអែល និងមូលដ្ឋានរបស់អាមេរិកនៅក្នុងតំបន់»។