រដ្ឋាភិបាលចម្រុះរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ប្រឈមជាមួយនឹងពេលវេលាបន្តដំណើរទៅមុខ ឬបញ្ចប់ នៅថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) នេះ ខណៈដែលមេដឹកនាំនៃភាគីទាំង៣ បានកោះប្រជុំ ដើម្បីបង្កើតបាននូវការសម្រុះសម្រួល ពាក់ព័ន្ធនឹងការមានចក្ខុវិស័យខុសៗគ្នារបស់ពួកគេ ជុំវិញការសង្គ្រោះសេដ្ឋកិច្ចពីការធ្លាក់ចុះ។

ទំនាក់ទំនង រវាងក្រុមឆ្វេងនិយមកណ្ដាល គឺគណបក្សប្រជាធិបតេយ្យសង្គម (SPD) របស់លោក Scholz គណបក្ស Greens និងគណបក្ស Free Democrats (FDP) បានធ្លាក់ចុះដល់កម្រិតទាបថ្មី កាលពីសប្តាហ៍មុន ខណៈពួកគេបានបង្ហាញនូវយុទ្ធសាស្ត្ររៀងៗខ្លួន ដោយមិនមានការពិគ្រោះគ្នាទៅវិញទៅមក ។

គណបក្ស FDP ដែលមិនស្របជាយូរមកហើយ ដោយសារមនោគមវិជ្ជាមិនត្រូវគ្នា និងភាពប្រេះស្រាំក្នុងរដ្ឋាភិបាលចម្រុះ បានអះអាងយ៉ាងរឹងមាំចំពោះឱសានវាទរបស់ខ្លួន នោះគឺថា កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនត្រូវតែសម្រេចឲ្យបាន ជាអ្វីដែលគណបក្សបានហៅថា «ការសម្រេចចិត្តរដូវស្លឹកឈើជ្រុះ» ឬការឈានដល់ទីបញ្ចប់នៃរដ្ឋាភិបាលចម្រុះ៕